សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្តេចលើកទឹកចិត្តឱ្យធនាគាររឹបអូសទ្រព្យសម្បត្តិអ្នកជំពាក់លុយដែលបំផុសចលនាកុំឱ្យសងលុយទៅធនាគារ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ អ្នកដែលបំផុសឱ្យដកលុយពីធនាគារ ចាំតែគេដកតើ។ ធនាគារខ្លះ សល់លុយមិនដំណើរការ។ អ្នកដែលចង់ឱ្យធនាគារនៅស្រុកខ្មែរដួលរលំ តាមរយៈកុំសងធនាគារ និងដកលុយពីធនាគារ ប្រហែលជាខកចិត្តមិនតិចទេ។ ខ្ញុំលើកទឹកចិត្តឱ្យធ្វើការរឹបអូស ប្រសិនបើអ្នកឯងជឿទៅលើអ្នកដែលឃោសនាកុំឱ្យសងលុយធនាគារ។ ខ្ញុំគ្រាន់តែអំពាវនាវសុំឱ្យធនាគារធ្វើការយោគយល់ នៅក្នុងដំណាក់កាលនៃការលំបាក ប៉ុន្តែការសងនៅតែសង។ ខ្ញុំនឹងគាំទ្រឱ្យធនាគារប្តឹងទៅតុលាការដើម្បីរឹបអូស បើសិនជាជននោះគាំទ្រនូវនយោបាយរបស់អាអ្នកអំពាវនាវនេះ។ គ្រួសារណាដែលញុះញង់ធ្វើអាហ្នឹង ហើយជំពាក់ធនាគារ យើងគាំទ្រឱ្យមានការរឹបអូសតែម្តង»៕
ប្រភព៖ ខ្លីៗ