ផលិតផល២០០ប្រភេទ ស្វែងរកការគាំទ្រពីភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម

សង្គម​ និង​សេដ្ឋកិច្ច

ចលនាភូមិមួយផលិតផលមួយ បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនប្រមាណ ២០០ មុខទំនិញ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីដាក់លក់ ផ្សព្វផ្សាយ ក៏ដូចជាការបង្ហាញផលិតផលដែលមានគុណភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីផលិតផលផលខ្មែរ ដើម្បីជំរុញពង្រីកទីផ្សារបន្ថែម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នៃទីស្រ្តីការគណៈរដ្ឋមន្រ្តី បានលើកឡើង ថាបច្ចុប្បន្នគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានសមាជិកសរុបប្រមាណជាង ៦០០ ក្រុមហ៊ុន ឬសហគ្រាស ក្នុងនោះសម្រាប់សមាជិកនីមួយៗ មានផលិតផលសម្រាប់ចែកចាយនៅតាមទីផ្សារ ចាប់ពីមួយផលិតឡើងទៅ បើគិតជាផលិតផលសរុប មានប្រមាណជាង ១ពាន់មុខ ហើយការចូលជាសមាជិកនេះ នឹងមានជាបន្តបន្ទាប់ ដោយយើងរំពឹងថា នៅពេល ខាងមុខ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងមានសមាជិករាប់ពាន់សហគ្រាស ហើយមានផលិតផលកាន់តែ ច្រើនថែមទៀត សម្រាប់ការលក់នៅលើទីផ្សារ។

ចំណែកនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះវិញ, លោកបណ្ឌិត មានប្រសាសន៍ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានរៀបចំពិរព័ណ ដាក់បង្ហាញផលិតផលបងប្អូននៅតាមសហគមន៍ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមជាង ១០ថ្ងៃនេះ ក្នុងនោះមានស្តង់ចំនួន ២០ កន្លែង និងមាន ៤៥ សហគ្រាសបានចូលរួម និងបាននាំយកមកនូវផលិតផលប្រមាណ ២០០ មុខទំនិញ មកដាក់ តាំងបង្ហាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលដៅសំខាន់គឺ ចង់ឲ្យភ្ញៀវទេសចរណ៍ទាំងអស់ បានស្គាល់ពីផលិតផលផលខ្មែរ ផលិតដែលវេចខ្ចប់ដោយកូនខ្មែរ ដើម្បីជំរុញពង្រីកទីផ្សារបន្ថែម និងជំរុញការនាំចេញ ដើម្បីលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន បង្កើតការងារ និងការបង្កើតនូវផលិតផលឲ្យបានកាន់តែច្រើនថែមទៀត សម្រាប់បម្រើទីផ្សារ។

លោកបណ្ឌិត សួង ណយ លើកឡើងថា នៅក្នុងវិបត្តិកូវីដ ១៩ កន្លងមកនេះ ខណៈមុខទំនិញលក់លើទីផ្សារមួយចំនួនបានជាប់គាំង ក្នុងនោះសម្រាប់ផលិតផលភូមិមួយផលិតផលមួយ របស់សមាជិក ដែលជាអ្នកកែច្នៃ និងវេចខ្ចប់ ទទួលបានជោគជ័យក្នុងអាជីវកម្មជាច្រើន ជាពិសេសបានបង្រៀនពួកគាត់ចេះប្រើប្រាស់នូវបច្ចេកវិទ្យា​អនឡាញ ហើយការងារនេះ បានកំពុងទទួលផលជះ អំពីការលក់ផលិតផលរបស់ខ្លួនតាមអនឡាញផង និងការលក់ដូរដោយផ្ទាល់ផង, ដោយការងារនេះ លោកបណ្ឌិត បានរំពឹងថា នៅពេលខាងមុខ ផលិតផលខ្មែររបស់សមាជិកសហគមន៍ នឹងមានអ្នកស្គាល់កាន់តែច្រើន និងលក់ដាច់កាន់តែច្រើនថែមទៀត ៕

អត្ថបទ សារេត