ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ អ្នកជំនាញអចលនទ្រព្យ បានមើលឃើញថា មាន៥ចំណុច ដែលគួរឱ្យមានការកត់សម្គាល់នៅក្នុងវិស័យអចលនទ្រព្យ។
ក្នុងនោះ អ្នកជំនាញផ្នែកលក់ និងទីផ្សារអចលនទ្រព្យ លោក គង់ គីមសេង បានឱ្យដឹងថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ជាការលើកមុខមាត់ប្រទេសកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ ដោយពិភពលោកកំពុងមើលមកកម្ពុជាប្រកបដោយភាពភ្ញាក់ផ្អើល ដែលជាប្រទេសកំពុងមានការអភិវឌ្ឍលឿន រហ័ស ដោយសារមានស្ថេរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ធាភិបាលកម្ពុជា។
ទន្ទឹមនឹងការលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិនោះ លោក ក៏បានកត់សម្គាល់ឃើញថា នៅក្នុងនោះ វិស័យអចលនទ្រព្យកំពុងមានសន្ទុះកើនឡើងផងដែរ ជាពិសេសតំបន់ដែលធ្វើកម្មវិធី SeaGame2023 គឺតំបន់ជ្រោយចង្វារ ផ្លូវ៦អា ពោលជាតំបន់ក្រុងរណបថ្មីនៃរាជធានីភ្នំពេញ។ ដោយ លោក បានមើលឃើញថា មានចំណុចធំៗចំនួន៥ ដែលគួរឱ្យកត់សម្គាល់មុនពេល អំឡុងពេល និងក្រោយពេលដែលកម្ពុជាជាម្ចាស់ផ្ទះ ក្នុងព្រឹត្តការណ៍ខាងលើ រួមមាន៖
ទី១. ការសាងសង់លំនៅឋានមានការកើនឡើង ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ
ទី២. មានការទិញ-លក់៖ មានន័យថា នៅពេលមានការសាងសង់លំនៅឋានច្រើន នោះនឹងមានការទិញឬលក់អចលនទ្រព្យកើនឡើងច្រើន ក្នុងតំបន់នោះ។
ទី៣. អចលនទ្រព្យ មានតម្លៃថ្លៃ៖ នៅពេលមានការទិញ-លក់ច្រើន មានន័យថា ការផ្គត់ផ្គង់តិច តម្រូវការខ្ពស់ នោះជាការធ្វើឱ្យតម្លៃដី ធ្លី ឡើងថ្លៃ
ទី៤. កំណើនប្រជាជនតំបន់នោះមានការកើនឡើង
និងទី៥. នៅមានឱកាសច្រើន សម្រាប់អ្នកវិនិយោគអចនលទ្រព្យ។
ជាមួយគ្នានោះ នាយកផ្នែកទីផ្សារអចលនទ្រព្យ ក្រុមហ៊ុន Making Property Easy Co,.Ltd បានបញ្ជាក់បន្ថែមដែរថា ក្រៅពីមានការលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ធ្វើឱ្យពិភពលោកស្ងប់ស្ងែង ជាពិសេសការកត់សម្គាល់ភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យយ៉ាងនេះក្តី ក៏ឃើញថា ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចក៏មានការងើបឡើងវិញ កាន់តែខ្លាំងផងដែរនាពេលអនាគតដ៏ខ្លីខាងមុខ៕
អត្ថបទ៖ ស៊ីណាត