តម្លៃស្រូវប្រាំងបន្តឡើងថ្លៃខ្ពស់ ធ្វើឱ្យកសិករធ្វើស្រែ មានភាពស្ងប់ក្នុងចិត្ត

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលរដូវកាលនៃការប្រមូលផលស្រូវប្រំាងខិតមកដល់ចុងរដូវ គេសង្កេតឃើញថា តម្លៃស្រូវប្រាំងប្រភេទស្រូវOM និងស្រូវ85 របស់ប្រជាកសិករនៅភាគខាងកើត ទីរួមខេត្តតាកែវ នៅតែបន្តឡើងថ្លៃខ្ពស់ ហើយបានធ្វើឱ្យកសិករធ្វើស្រែស្ថិតនៅក្នុងតំបន់កាន់តែមានភាពស្ងប់នៅក្នុងចិត្ត មិនរអ៊ូរទាំ ទោះបីទិន្នផលស្រូវឆ្នំានេះធ្លាក់ចុះតិចតួចក្តី ក៏នៅតែសប្បាយចិត្ត និងបន្តចាប់ផ្តើមធ្វើស្រែពាក់កណ្តាលរដូវដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឈ្មួញប្រមូលទិញស្រូវប្រាំង អ្នកស្រី ញ៉េប ថន នៅឃុំសំបួរ ស្រុកទ្រំាងខេត្តតាកែវ បានឱ្យដឹងថា ចូលមកដល់ដើមខែឧសភានេះ ការប្រមូលផលស្រូវរបស់កសិករ នៅឃុំសំបួរបានមកដល់ចុងរដូវឬជិតដល់ថ្ងៃបញ្ចប់នៃការប្រមូលផលស្រូវប្រំាងហើយ។

តម្លៃស្រូវប្រាំង នៅភូមិឃុំខាងលើ បើគិតត្រឹមថ្ងៃទី៩ ខែឧសភា ឈ្មួញប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃ១០៦០រៀល ក្នុងមួយគីឡូក្រាម ហើយមកដល់ថ្ងៃទី១០ ខែឧសភានេះ អាចនៅរក្សាបានតម្លៃខ្ពស់ដដែលសម្រាប់ប្រជាកសិករក្នុងតំបន់។

បើយោងតាមឈ្មួញទិញស្រូវខាងលើ បានឱ្យដឹងថា ទន្ទឹមតម្លៃស្រូវប្រាំងឆ្នំានេះ ធ្វើឱ្យកសិករធ្វើស្រែគ្រប់គ្នាមានការសប្បាយចិត្ត ការទិញលក់គឺមានភាពងាយស្រួល ហើយនៅឆ្នំានេះ អ្នកស្រី ប្រមូលទិញស្រូវប្រំាងបានប្រមាណប្រហែល៥០០តោន ទៅឱ្យអ្នករកស៊ីនាំចេញស្រូវទៅប្រទេសវៀតណាម។

ពាក់ព័ន្ធនិងការផលិតស្រូវប្រាំងនេះដែរ បើតាម លោក ផ ដែលជាកសិកម្នាក់រស់នៅភូមិព្រៃភ្លង បានឱ្យដឹងថា ឆ្នំានេះ លោក លក់ស្រូវប្រំាងសរុបបានប្រមាណ១២តោន ហើយកាលប្រមូលផលស្រូវនៅវគ្គទី១ លក់បានថ្លៃ១០២៥រៀល ​ និងវគ្គទី២ បានថ្លៃ១០៤០រៀល ក្នុងមួយគីឡូក្រាម។

បើតាមលោក ផ ទោះបីនៅឆ្នំានេះ ទិន្នផលស្រូវប្រាំងមានការធ្លាក់ចុះជាងឆ្នំាមុនប្រហែល២តោនក្តី ប៉ុន្តែទឹកប្រាក់ដែលបានមកពីការលក់ស្រូវប្រាំងក្រៅពីកាត់ចំណាយហើយអស់លុយប្រហែល៧លានរៀល ពោលគឺប្រហែលកាលពីឆ្នំាមុន៕

អត្ថបទ៖សារេត