មេដឹកនាំអាស៊ាន ប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន ​និងកសាងទំនាក់ទំនងខាងក្រៅតំបន់អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

កិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បានបង្ហាញនូវការប្តេជ្ញារួមគ្នា ថា នឹងខិតខំញាបន្តពង្រឹងសហគមន៍អាស៊ាន និងកសាងទំនាក់ទំនងខាងក្រៅរបស់អាស៊ានឱ្យកាន់តែរឹងមាំថែមទៀត។ នេះបើតាមការឱ្យដឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមបណ្តាញសង្គមហ្វេសប៊ុក កាលព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងបន្តថា តាមរយៈកិច្ចប្រជុំកំពូលលើកទី៤២នេះ មេដឹកនាំនៃប្រទេសអាស៊ាន បានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងវឌ្ឍនភាពក្នុងការសម្រេចបាន នូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវបានពង្រឹងនិងប្រសិទ្ធភាពស្ថាប័ន។

ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏ប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន មជ្ឈភាព និងការឯកភាពអាស៊ាន ព្រមទាំងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។ លើការកសាងសហគមន៍អាស៊ាន – មេដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត ដើម្បីរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន និងធានា នូវការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ មេដឹកនាំអាស៊ាន ថែមទាំងបានគាំទ្រការសម្រេចលើក្របខ័ណ្ឌពេលវេលារយៈពេល២០ឆ្នាំ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងលើកទឹកចិត្តឱ្យក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បន្ត រៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលប្រកបដោយទស្សនវិស័យ ការបំផុសគំនិត ភាពរឹងមាំ គ្រប់ជ្រុងជ្រោយ មានបរិយាបន្ន និងការសម្លឹងឆ្ពោះទៅមុខផងដែរ។

គួរបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបាន អនុម័ត លើសេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន  និងសេចក្តីថ្លែងការណ៍មួយចំនួនទៀតរួមមាន៖ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបង្កដោយការរំលោភបច្ចេកវិទ្យា, សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាព, សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ, សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ានជាដើម៕

អត្ថបទ៖ ពិសី