ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងដំណើរស្វាហាប់ឆ្ពោះទៅងើបឡើងវិញពេញទំហឹង

សង្គម​ និង​សេដ្ឋកិច្ច

សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានសន្ទុះស្វាហាប់ឆ្ពោះទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃទី១៨ខែឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥,២ភាគរយ។ សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះបានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោក ផងដែរ។វិស័យកសិកម្មរបស់កម្ពុជាកំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តច្រើនបន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥,៥ភាគរយ។

យ៉ាងណាក៏ដោយ ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេសនឹងអាចធ្វើឱ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើសកលោក អាចបង្កហានិភ័យមួយដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជាដែលមានការពឹងអាស្រ័យខ្លាំងលើទុនមកពីក្រៅសម្រាប់វិនិយោគ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ដើម្បីរក្សាឱ្យបាននូវដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរតាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយឱ្យកាន់តែរលូនថមទៀត»។

សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនដល់ ៦ភាគរយ ដោយមានការទ្រទ្រង់ពីសំណាក់សន្ទុះស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងពីសំណាក់ការកើនឡើងនៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈនិងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រនិងផ្លូវជាដើម។

របាយការណ៍ដដែលនិយាយទៀតថា កម្ពុជាអាចជំរុញកំណើននេះបានតាមរយៈការវិនិយោគលើតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន។ របាយការណ៍នេះមានផ្នែកមួយ ដែលផ្ដោតសំខាន់ទៅលើការពិនិត្យលទ្ធភាពដែលកម្ពុជាអាចធ្វើបានក្នុងការបង្កើនការចំណាយសាធារណៈក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសទៅលើវិស័យសុខាភិបាល និងអប់រំ ប៉ុន្តរបាយការណ៍ក៏ធ្វើការកត់សម្គាល់ដែរថា ចាំបាច់ត្រូវបង្កើនការចំណាយនោះថែមទៀត។ ការផ្តោតការយកចិត្តទុកដាក់ទៅលើប្រសិទ្ធផលផ្នែកបែងចែកនិងផ្នែកប្រតិបត្តិការរបស់ធនធាន អាចជួយបានក្នុងការឆ្លើយតបចំពោះបញ្ហានៃការដាក់ពង្រាយមិនស្មើភាពគ្នានៃគ្រូបង្រៀន និងចំពោះបញ្ហានៃកង្វះភាពទុកចិត្តរបស់សាធារណជនទៅលើសេវាសុខាភិបាលក្នុងស្រុក។របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ផ្តោតសំខាន់លើការវិវត្តនៃសេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ៕ អត្ថបទ៖ សារេត