ប្រមុខរាជរដ្ឋាភិបាលនៅពេលកន្លងមកថា នឹងជម្រុញឱ្យកម្ពុជាក្លាយជាប្រទេសអធិរាជនៃស្វាយចន្ទីនាពេលអនាគត? តើគោលបំណងរបស់រាជរដ្ឋាភិបាលចង់បានថា អាចនឹងសម្រេចបានដែរឬទេ?ទាក់ទងនិងគោលបំណងរបស់រាជរដ្ឋាភិបាលខាងលើនេះ មានការយល់ឃើញស្រដៀងគ្នាថា ពិតណាស់កម្ពុជាអាចក្លាយជាប្រទេសអធិរាជនៃស្វាយចន្ទីបាន បើសិនកម្ពុជាទទួលបានការបណ្តាក់ទុនបង្កើតជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំៗនៅក្នុងប្រទេស ស្របពេលវត្ថុធាតុដើមស្វាយចន្ទីមានច្រើនក្នុងពេលសព្វថ្ងៃនេះ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងថា « ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុនសែន ក្នុងពិធីបុណ្យទន្លេនៅក្នុងខេត្តកំពង់ធំនេះ សម្តេច ថាជម្រុញឱ្យកម្ពុជាឱ្យក្លាយជាប្រទេសអធិរាជស្វាយចន្ទី ហើយខ្ញុំជឿថា យើងអាចធ្វើបានដោយសារយើងមានផ្ទៃដីសក្តានុពល បានដំាដុះរួចហើយនៅតែយើងជម្រុញឱ្យមានរោងចក្រកែច្នៃមកដល់ថែមទៀត និងរកទីផ្សារនៅខាងក្រៅបាន គឺអាចនាំចេញបានហើយ»។
ស្រដៀងគ្នានេះដែរ ប្រធានសហគមន៍ស្វាយចន្ទីកម្ពុជា សាខាខេត្តកំពង់ធំ លោក ណុក ប៊ុនថន បានឱ្យដឹងថា«បើតាមខ្ញុំគិតកម្ពុជាអាចទៅរួចនៅក្នុងរយៈពេល៥ទៅ១០ឆ្នំាទៀតនៅពេលខាងមុខ ពីព្រោះការផ្គត់ផ្គង់វត្ថុធាតុដើមគ្រាប់ស្វាយចន្ទីរបស់យើងមានច្រើនជាងគេ នៅលើពិភពលោក គ្រាន់តែកម្ពុជាខ្វះខាតការកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់ធ្វើការនំាចេញ ខណៈនៅពេលសព្វថ្ងៃកម្ពុជាជាអធិរាជដែលមានស្វាយចន្ទីច្រើនរួចទៅហើយ»។
ពាក់ព័ន្ធនិងដំណំាស្វាយចន្ទី បើយោងតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ គូសបញ្ជាក់ថា ដំណំាស្វាយចន្ទី ជាដំណំាដែលមានសក្តានុពល ហើ់យនៅក្នុងខេត្តកំពង់ធំ ដែលមានដីដំាដុះស្វាយចន្ទី មានជាង១៥ម៉ឺនហិកតាហើយមកដល់សព្វថ្ងៃនេះ មានផ្ទៃដីដែលអាចប្រមូលផលបានមានប្រមាណ១០ម៉ឺនហិកតា ដែលផ្តល់ទិន្នផលជាមធ្យមពី១៣ម៉ឺន ទៅ១៥ម៉ឺនតោន នៅក្នុងមួយឆ្នំា ហើយគ្រាប់ស្វាយចន្ទីភាគច្រើននាំចេញទៅក្រៅប្រទេស។
លោក ណុក ប៊ុនថន បានឱ្យដឹងថា «សម្រាប់កសិករដំាដុះស្វាយចន្ទី ប្រសិនពួកគាត់មានការស្វែងយល់ពីបច្ចេកទេសថែទំា និងចេះសន្សំសំចៃទៅលើការចំណាយរបស់គាត់ ខ្ញុំគិតថាគាត់មានកម្រិតជីវភាពល្អប្រសើរ តែចំពោះកសិករដែលមិនចេះសន្សំសំចៃការចំណាយរបស់ខ្លួនមិនបានល្អ ពួកគាត់នៅមានបញ្ហាហិរញ្ញវត្ថុនៅឡើយ ហើយទិន្នផលស្វាយចន្ទីដែលទទួលបាននៅមានកម្រិត»។
បើតាមប្រធានសហគមន៍ សម្រាប់ប្រជាកសិករដែលមានការយល់ដឹងពីបច្ចេកទេសដំាដុះ និងការថែទំាស្វាយចន្ទីបានល្អ គាត់អាចរកប្រាក់ចំណូលជាមធ្យមពី១១០០ទៅ១២០០ដុល្លារអាមេរិកក្នុងផ្ទៃដីមួយហិកតា ខណៈកសិករខ្វះការយល់ដឹងពីបច្ចេកទេសរកប្រាក់ចំណេញពីការដំាដុះស្វាយចន្ទីរបស់ខ្លួនបានតិចតួចក្នុងមួយរដូវៗទន្ទឹមនិង សហគមន៍ស្វាយចន្ទីកម្ពុជាសាខាខេត្តកំពង់មានសមាជិកពេញសិទ្ធជាង៣០០នាក់។
លោក ណុក ប៊ុនថន បន្តថា ក្នុងវិស័យស្វាយចន្ទី នៅថ្ងៃអនាគតខ្ញុំគិតថា នឹងជួយបង្កើនជីវភាពប្រជាកសិករ ដោយសារតែដំណំាស្វាយចន្ទី ជាដំណាំងាយស្រួលដំដុះ និងមិនសូវមានការលំបាកក្នុងការថែទំាច្រើនដូចទៅនិងដំណំាផ្សេងទៀត និងម្យ៉ាងទៀតងាយស្រួលក្នុងការប្រមូលផលទុកដាក់ បើសិនជាកសិករមិនចង់លក់គ្រាប់ស្វាយចន្ទីស្រស់ទៅឱ្យឈ្មួញ។
លោក លើកឡើងថា បញ្ហាប្រឈមនៅក្នុងដំណំាស្វាយចន្ទី មានដូចការប្រែប្រួលអាកាសធាតុ កង្វះខាតនៅការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក កសិករមិនទទួលបានកម្រៃបន្ថែមនៅពេលកសិករលក់គ្រាប់ស្វាយចន្ទីនៅសើម។ប៉ុន្តែបើសិននៅពេលខាងមុខ មានរោងចក្រខ្នាតធំចូលមកនៅក្នុងខេត្តកំពង់ធំច្រើន ខ្ញុំគិតថាវាជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនបាន ហើយអាចប្រកួតប្រជែងតម្លៃនៅទីផ្សារខាងក្រៅបាន និងជួយបង្កើនជីវភាពប្រជាកសិករដំាដុះស្វាយចន្ទីបានមួយកម្រិតថែមទៀត៕
អត្ថបទ៖សារេត