ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន កាលព្រឹកទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ អតីតឯកអគ្គរាជរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ជប៉ុន នឹងបន្តជួយគាំទ្រ និងជួយបង្វឹកកីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ខណៈជប៉ុនមើលឃើញថា កីឡាករ កីឡាការិនីកម្ពុជា គឺមានសក្តានុពល និងមានទេពកោសល្យខ្ពស់។

នាឱកាសនោះ លោក ហ្គោតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសាទរជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបាននូវភាពជោគជ័យយ៉ាងត្រចេះត្រចង់នាពេលនេះ ។ លោកក៏ប្រាប់ដែរថា កីឡាករ កីឡាការិនីកម្ពុជា គឺមានការតស៊ូ និងព្យាយាមខ្លាំងណាស់ នៅពេលដែលពួកគាត់ទៅហ្វឹកហាត់នៅឯប្រទេសជប៉ុន គ្រូបង្វឹកកីឡាករ កីឡាការិនីទាំងអស់ មានការគោរព និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកបានបន្តទៀតថា៖« កីឡាករ កីឡាការិនីកម្ពុជា មានសក្តានុពល និងមានទេពកោសល្យ លើវិស័យយូដូណាស់ ក្នុងន័យនេះខ្ញុំបាន គោរពស្នើសុំការគាំទ្រពីសម្ដេចតេជោ ក្នុងការបន្តជួយបង្វឹកកីឡាករ កីឡាការិនីកម្ពុជាតទៅទៀត» ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Gotaro Ogawa លោកគ្រូ អ្នកគ្រូ និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាការិនីកម្ពុជា រហូតទទួលបានមេដៃច្រើន ដែលពីមុនមកមិនដែលទទួលបានមេដៃច្រើនបែបនេះនោះទេ។
លើសពីនេះ សម្តេចក៏បានស្នើសុំទៅលោក Gotaro Ogawa លោកគ្រូអ្នកគ្រូ យូដូ បន្តធ្វើការហ្វឹកហាត់ កីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ពីព្រោះថាបេសកកម្មកម្ពុជាមិនត្រឹមបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ គឺនៅត្រូវទៅចូលរួមការប្រកួតដទៃទៀត ម្យ៉ាងវិញទៀតកីឡានាំមកនៅសុខភាពល្អ និងជាស្ពានផ្សារភ្ជាប់នូវទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជន ផងដែរ៕
អត្ថបទ៖ ពិសី
