លោក ឈឹម វាសនា ប្រធានសមាគមយុវជនទិសអាគ្នេយ៍ ដែលអតីតធ្លាប់ធ្វើជាអ្នកបើកបររថយន្តជូនឧកញ៉ាមួយរូប ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជា «អនុរដ្ឋលេខាធិការ» នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងចំណោមបុគ្គលចំនួន ៤រូបផ្សេងទៀត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍ពីជីវប្រវត្តិរបស់លោក ជាមួយនឹងសារព័ត៌មានក្នុងស្រុកមួយ កាលពីពេលកន្លងទៅ លោក ឈឹម វាសនា បានឱ្យដឹងថា លោកជាកូនគ្រួសារកសិករក្រីក្រមួយ ស្ថិតនៅភូមិជំរុំសៀម សង្កាត់លលកស ទីរួមខេត្តពោធិ៍សាត់ និងជាកូនទី៦ ចំណោមបងប្អូន៧នាក់ ដែលឪពុកម្តាយបានស្លាប់ចោលតាំងពីខ្លួននៅតូច។ បន្ទាប់មក លោកត្រូវបានស្ត្រីម្នាក់យកទៅចិញ្ចឹម ប៉ុន្តែក្រោយមកម្តាយចិញ្ចឹមរូបនេះ ក៏បានលាចាកលោកចោលទៀត នៅឆ្នាំ២០០៣។
ក្រោយមកលោកបានចាកចេញពីស្រុកកំណើត មកកាន់រាជធានីភ្នំពេញ ធ្វើជាសន្តិសុខ ដោយទទួលបានប្រាក់ខែត្រឹម ៤៥ដុល្លារ ប៉ុន្តែឆ្លៀតសន្សំលុយរៀនបណ្តើរៗ។ បន្ទាប់មកទៀត លោកមានឱកាសបានស្គាល់អង្គរក្សសម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ហើយបុរសរូបនោះ ក៏បានជួយណែនាំឱ្យរូបលោកចូលបម្រើការងារក្នុងកងអង្គរក្សសម្តេច ជា ស៊ីម និងទទួលបានឱកាសសិក្សាចប់បរិញ្ញាបត្ររងផ្នែកច្បាប់។
ចុងឆ្នាំ២០០៨ កងកម្លាំងរូបនេះត្រូវបានថ្នាក់លើ ចាត់ឱ្យទៅបំពេញបេសកកម្មនៅកំពូលភ្នំប្រាសាទព្រះវិហារ អស់រយៈពេលជិត២ឆ្នាំ អំឡុងពេលប្រទេសកំពុងមានភាពតានតឹងជាមួយនឹងប្រទេសថៃ។ ក្រោយមក លោកបានដាក់ពាក្យព្យួរពីអង្គភាព ទៅធ្វើជាអ្នកបើកបរឱ្យក្រុមហ៊ុនឯកជនមួយ អស់រយៈពេលជិត ២ឆ្នាំ និងបន្ទាប់មកទៀត លោកមានឱកាសទៅបើករថយន្តជូនអ្នកឧកញ៉ាម្នាក់ និងឆ្លៀតពេលរៀនបន្តនៅពេលយប់ រហូតចប់បរិញ្ញាបត្រផ្នែកច្បាប់។
នៅឆ្នាំ២០១៤ លោក ឈឹម វាសនា ក៏បានធ្វើជាអ្នកបើកបររថយន្ត និងធ្វើជាអង្គរក្សរបស់លោកឧកញ៉ាមួយរូបទៀត ដែលជាម្ចាស់ហាងពេជ្រមួយកន្លែង នៅម្តុំផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ។ ឆ្នាំ២០១៥ លោកបានឈប់ធ្វើជាអ្នកបើកបរ និងមកធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុនធំមួយ និងបានសន្សំលុយកាក់អាចរៀបអាពាហ៍ពិពាហ៍ជាមួយភរិយានៅស្រុកកំណើត។
ក្រោយរៀបការ លោកបានលាឈប់ពីតួនាទីនាយកប្រតិបត្តិ និងងាកមកបើកមុខរបរផ្ទាល់ខ្លួន ជាអ្នកលាងរថយន្ត និងទិញ-លក់រថយន្ត ប៉ុន្តែត្រូវរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មក ប្តីប្រពន្ធអ្នកទាំងពីរ សល់លុយខ្លះពីការខាតបង់ ក៏ទៅទិញដីសម្រាប់ពុះឡូត៍លក់ ក្នុងវិស័យអចលនទ្រព្យវិញម្តង ក្នុងឆ្នាំ២០១៧ ផ្តើមពីដីទំហំត្រឹម ១,៥ហិកតា និងមានឱកាសរីកចម្រើនជាបន្តបន្ទាប់ ធ្វើឱ្យលោកអាចជួយដល់ការងារសង្គមជាច្រើន រហូតលោកអាចទទួលបាននូវមេដាយ «ជាតូបការ» កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
សូមជម្រាបថា លោក ឈឹម វាសនា ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលសាធារណៈ ពីទីក្រុងប៉ារីស ប្រទេសបារាំង ធ្លាប់ទទួលការតែងតាំងជា ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ឋានៈស្មើអនុរដ្ឋលេខាធិការ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ហើយលោកត្រូវបានសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា តម្លើងតួនាទីជា «ឧត្តមទីប្រឹក្សាផ្ទាល់» សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ បញ្ញត្តិគោរម្យងា «រាជវាសនាកិច្ចាធិបតី» កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏បានសម្រេចតែងតាំងលោក ឈឹម វាសនា ជាទីប្រឹក្សាអមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ៕