អ្នកជំនាញដាំដុះម្រេច និងជាប្រធានសមាគមម្រេចកំពត ក៏ដូចជាសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានចាត់ទុកប្រជាកសិករដំាម្រេច នៅតាមតំបន់ផ្សេងៗ ក្រៅពីខេត្តកំពត ចាប់ផ្តើមទទួលបានភាពជោគជ័យ សម្រាប់ធ្វើការនំាចេញទៅទីផ្សារចិន ក្រោយពីស្ថានទូតចិនប្រចំាកម្ពុជា បង្ហាញទីតំាងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រកែច្នៃចំនួន៧ ផ្សេងទៀត ទទួលបានការអនុញ្ញាតឱ្យនាំចូលទៅទីផ្សារប្រទេសចិនដោយផ្ទាល់។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត យល់ឃើញថា ចិនអនុញ្ញាតឱ្យម្រេចដែលបានដំាដុះនៅតំបន់ផ្សេងអាចនាំចេញទៅទីផ្សារប្រទេសចិន នៅពេលខាងមុខនេះ យើងទុកជាជោគជ័យហើយសម្រាប់កសិករ ដែលកាលពីមុនថា យើងមានទីផ្សារនំាចេញទៅវៀតណាម តែដល់ពេលនេះ ចិនបើកចំហរឱ្យនាំចេញទៅចិនបាន មានន័យថា ជាជោគជ័យមួយរបស់កសិករដំាម្រេច ដូចនៅខេត្តរតនគិរី, មេមត់ កំពង់ចាមជាដើម ។
បើតាមប្រធានសមាគមខាងលើ ក្រៅពីសម្តែងការរីករាយសប្បាយចំពោះប្រជាកសិករដំាម្រេច នៅក្នុងស្រុក មានទីផ្សារនៅប្រទេសចិន កសិករអាចពង្រីកការដំាដុះម្រេចបន្ថែម ព្រោះវាជួយឱ្យជីវភាពកសិករប្រែប្រួលលឿនពេលមានទីផ្សារល្អ ទោះបីតម្លៃម្រេចដាំដុះនៅតំបន់ផ្សេងលក់មិនបានថ្លៃដូចម្រេចកំពតក៏ដោយ។
លោក ងួន ឡាយ មានប្រសាសន៍ថា «ការពិតខ្ញុំរីករាយសប្បាយ ដោយសារទីផ្សារប្រទេសចិនទទួលយកម្រេចកម្ពុជា ហើយចិនក៏ជាអ្នកធ្វើពាណិជ្ជកម្មធំនៅលើពិភពលោក ។ដូច្នេះយើងសង្ឃឹមថា យើងនឹងមានទីផ្សារសម្រាប់កសិករដំាដុះម្រេចនៅកម្ពុជា។ ឥលូវនេះភាពជោគជ័យសម្រាប់កសិករដំាម្រេចបានរំកិលមកដល់ ហើយយើងត្រូវតែពង្រឹង និងពង្រីកការដាំដុះ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារចិន»។
លោក វ៉ន វណ្ណាល់ នាយកប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា ក្នុងនាមសហព័ន្ធដែលតំណាងឱ្យវិស័យម្រេចកម្ពុជា ពិតជាមានសេចក្តីសោមនសរីករាយ ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋភិបាល, ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ពិតជាមានការប្រឹងប្រែងយ៉ាងខ្លាំង និងប្រឹងប្រែងពិតប្រាកដ ក្នុងការលើកស្ទួយវិស័យម្រេចកម្ពុជា តាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្មទ្វេភាគី (Bilateral Agreement) រវាងកម្ពុជា-ចិន។ ភាពជោគជ័យនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយជីវភាពប្រជាកសិករ សុខមាលភាពប្រជាជន ព្រមទាំងការអភិវឌ្ឍនសេដ្ឋកិច្ចជាតិ តាមរយៈជម្រុញការនាំចេញផលិតផលម្រេចទៅកាន់ទីផ្សារប្រទេសចិន។
សហព័ន្ធម្រេចកម្ពុជា បានសម្របសម្រួលសមាជិករបស់ខ្លួនរួមមាន ចំការម្រេច និងសហគ្រាសកែច្នៃ ក្នុងនោះរួមមាន ក្រុមហ៊ុនកែច្នៃចំនួន៥ និងកសិដ្ឋានម្រេចចំនួន៨ កន្លែងដែលបានជាប់ក្នុងបញ្ជីកសិដ្ឋាន និងក្រុមហ៊ុនកែច្នៃដែលអាចផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន។
លោកសង្កត់ធ្ងន់ថា «សហព័ន្ធម្រេច ពិតជាមានសុទិដ្ឋិនិយមចំពោះសមិទ្ធិផលនៃកិច្ចសម្របសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលថា ពិតជាធ្វើឱ្យមានកាលានុវត្តភាពទីផ្សារម្រេចកម្ពុជា បានធំទូលាយ ធ្វើឱ្យការជួញដូរម្រេចមានជម្រើសកាន់តែច្រើន។ ភាពជោគជ័យនេះនឹងបង្កើតឱ្យមានភាពប្រាកដប្រជាកាន់តែខ្លាំង រវាងផលិតករ និងក្រុមហ៊ុនកែច្នៃ រវាងក្រុមហ៊ុនកែច្នៃ និងក្រុមហ៊ុននាំចេញ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម ឬកិច្ចសន្យាអាជីវកម្មជាដើម»។
លោក លើកឡើងថា សហព័ន្ធម្រេច នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្មដើម្បីបន្តគៀងគរកសិករម្រេច និងសហគ្រាសកែច្នៃ ឱ្យចុះបញ្ជីបានកាន់តែច្រើន ដើម្បីពង្រីកសក្តានុពលទីផ្សារនាំចេញរបស់កម្ពុជា។ លើសពីនេះ គោលនយោបាយលើកទឹកចិត្តដល់វិស័យម្រេច ក៏ជាយុទ្ធសាស្រ្តដែលរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់រៀបចំ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ខ្សែសង្វាក់តម្លៃ ដែលមានកសិករម្រេច សហគ្រាសកែច្នៃ ក្រុមហ៊ុននាំចេញ វិនិយោគទុនជាតិ និងអន្តរជាតិ វាក៏ជាកិច្ចការអាទិភាពដែលសហព័ន្ធម្រេចបានកំណត់។
យោងតាមស្ថានទូតចិនប្រចំាកម្ពជាកាលថ្មីៗនេះ បានបង្ហាញថា ទីតាំងដាំម្រេចចំនួន២៨កន្លែងនិងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង ត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរ ចិននិងកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្ មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។
គួរឱ្យដឹងផងដែរថា ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕
អត្ថបទ៖សារេត