ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការជំរុញ និងលើកទឹកចិត្តទៅកាន់សិស្សនិស្សិតទាំងអស់ ឱ្យបន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកឌីជីថល ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ក៏ដូចជារួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសុខាភិបាលជាង១ពាន់នាក់ កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាលទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។
ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរដល់និស្សិតពេទ្យទទួលបានជ័យលាភីរបស់និស្សិត ប៉ុន្ដែទោះបីជាទទួលបានលទ្ធផលលើការសិក្សាលើជំនាញ សម្ដេចតេជោ ក៏បានជំរុញដល់និស្សិតទាំងអស់បន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកឌីជីថលើវិស័យរបស់ខ្លួន រួមជាមួយនឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពលើវិស័យសុខាភិបាលរបស់កម្ពុជាបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុនសែន ក៏បានថ្លែងនូវការអបអរសាទរ ចំពោះជ័យលាភីនិស្សិតសុខាភិបាលនៅថ្ងៃនេះ និងបានជូនពរឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ ពិសេសក្លាយជាធនធានមនុស្សដ៏មានសក្តានុពលរបស់កម្ពុជាថែមទៀត៕