គណៈរដ្ឋមន្ត្រី បានសម្រេចសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញទាំងស្រុងហើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការសម្រេចអនុម័តច្បាប់នេះ គឺធ្វើឡើងក្នុងគោលបំណង កំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល។ទន្ទឹមគ្នានេះ អង្គគណៈរដ្ឋមន្ត្រី រំពឹងទុកដែរថា សេចក្តីព្រាងច្បាប់នេះ នឹងចូលរួមជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ដែរថា ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ មានចំនួន ៩ជំពូក ដែលរួមមាន ៣៥មាត្រា។ អត្ថប្រយោជន៍ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ មានអត្ថប្រយោជន៍ដូចខាងក្រោម កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។
លើសពីនេះ សេចក្តីព្រាងច្បាប់នេះដែរ ក៏នឹងជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិកថែមទៀត៕