ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រកាសជួយ​ក្មេង​ប្រុស​លក់ផ្កា​ដែល​ជួប​នៅ បាត់​ដំបង​ ឲ្យ​រៀន​ចប់​ថ្នាក់​វិទ្យា​ល័យ​និងបន្តថ្នាក់​ឧត្តម​សិក្សា

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីប្រកាសរកក្មេងប្រុសជាអ្នកលក់ផ្កាដែលបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន កាលពីល្ងាចថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ២០២៣ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការកងទ័ពជើងគោក បានឆ្លៀតពេលដែលទៅបំពេញការងារនៅខេត្តក្បែរនោះ បាន​​អោយ​ក្រុម​ការងារ​នាំ​ក្មេង​ប្រុស​ឈ្មោះ រុន ភារម្យ ហៅអារ៉យ និងក្រុមគ្រួសារមកជួបផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសារ​និងពិនិត្យ​លទ្ធភាព​ក្នុងការជួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបរវាង ក្រុមគ្រួសារក្មេងប្រុស រុន ភារម្យ និងឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់​ពីក្រុម​ការ​ងារ​អ.​ម.ត​ខេត្តបាត់ដំបង បានស្វែងរកឃើញក្មេងប្រុស រុន ភារម្យ ហៅអារ៉យ ដែលអ្នកលក់ផ្កាដែលឯកឧត្តម ហ៊ុន ម៉ាណែត បានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន និងក្រុមគ្រួសារ ។ ហើយបានយកជំនួយខ្លះទៅផ្តល់ជូនពួកគាត់មួយជំហាន ដោយ​ឯកឧត្តមសន្យា​ថានឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ។

​​នៅលើបណ្តាញសង្គមហ្វេកបុកនៅថ្ងៃនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោយពីស្វែងយល់​ពីស្ថានភាពគ្រួសាររបស់ក្មេងប្រុស រុន ភារម្យ ឯកឧត្តមបានសម្រេច ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយ​ឪពុកនិង​ម្តាយ​របស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ និងជួយក្មួយប្រុស រុន ភារ​ម្យ និងប្អូនស្រី អោយបានចូលរៀននៅសាលាដែល ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហា​រូបករណ៍​សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយ​គ្រួសារ​និង​សង្គម​ជាតិ​យើងនៅពេលអនាគត។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏កោតសរសើរឪពុកម្តាយរបស់ក្មេងប្រុស រុន ភារម្យ ដែលទោះជាមាន​ជីវ​ភាព​មិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និង​អំពើ​សុចរិតតាំងពីតូចៗ។ ហើយក៏កោតសរសើរក្មួយប្រុស រុន ភារម្យ ដែលមានទឹកចិត្តក្លាហាន មានការទទួលខុសត្រូវ និងចេះ​ជួយ​ទុក្ខធុរៈឪពុកម្តាយតាំងពីអាយុ ៦ឆ្នាំម៉្លេះ មកឥឡូវមានអាយុ ១៣ឆ្នាំ។