សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញទស្សនាពិព័រណ៍សមិទ្ធផលនានាជាច្រើន នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ នៅក្រុងព្រះសីហនុ ដែលជាទីក្រុងធំមួយប្រមូលផ្តុំដោយវិនិយោគិនចិនធ្វើការអភិវឌ្ឍន៍។
ការអញ្ជើញទស្សនាពិពរណ៌សមិទ្ធផលរវាងប្រទេសពីរ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួចមក។
ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ បានធ្វើឲ្យតំបន់នេះរីកចម្រើនជាបន្តបន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការគូសបញ្ជាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន “ឆ្នាំមិត្តភាពចិន-កម្ពុជា” ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ”។
ថ្លែងនៅចំពោះមុខកម្មករ កម្មការិនីប្រមាណជាង ២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជាក្លាយជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន។ បន្ថែមពីលើនោះ គំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នាំឱ្យកើតមានសមិទ្ធផលជាច្រើន មានដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿន, ការតភ្ជាប់អ៉ីនធើណេតកប់ក្រោមបាត់សមុទ្រ និងផ្លូវ ស្ពានជាច្រើនខ្សែ។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» គឺបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសជាសមាជិក ហើយមិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ៕