សម្តេច ហ៊ុន សែន៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានកម្ពុជា-ចិនចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនជាផ្លូវការហើយ ខណៈគម្រោងនេះ នឹងប្រកាសបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះផងដែរ។ទាក់ទិន នឹងគម្រោងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏អះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ត្រូវបានក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនទី១ ហើយ គឺផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈនៅខែខាងមុខនេះ ផ្លូវល្បឿនទី២ ដែលភ្ជាប់ពីភ្នំពេញទៅកាន់ព្រំដែនវៀតណាម គឺម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងចាប់ផ្តើមសាងសង់ហើយ។

សម្តេច បញ្ជាក់ថា តាមមរយៈគម្រោងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន យល់ថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ច វិស័យដឹកជញ្ជូន និងទេសចរណ៍កម្ពុជាកាន់តែរីកលូតលាស់ ថែមទៀត។

គួរបញ្ជាក់ដែរថា បើតាមរដ្ឋមន្រ្តីក្រសួងសារធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាសថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបញ្ជាក់ទៀតថា ដំណើរការសាងសង់ផ្លូវនេះ នឹងប្រើពេលសាងសង់ក្នុងរយៈពេល៤ឆ្នាំ ដើម្បីបញ្ចប់ឱ្យទាន់គម្រោងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាម ដែលចេញពីហូជីមីញ ភ្ជាប់មកកាន់តំបន់ព្រំដែនម៉ុកបៃ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ជាងនេះទៀត គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន ម​ក​ភូ​មា​​ មកប្រទេសថៃ មកកម្ពុជា ទៅ​វៀតណាមថែមទៀត៕ អត្ថបទ៖ ពិសី