សម្តេចតេជោ ហ៊ុន សែន នៅឱកាសអញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការស្នើ និងជំរុញទៅកាន់ក្រុមគ្រូពេទ្យឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនបន្ថែមទៀត។
នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វិស័យសុខាភិបាល និងការអប់រំ នៅតែជាវិស័យអាទិភាពសម្រាប់កម្ពុជា។សម្តេចថា ពេលនេះមានមន្ទីរពេទ្យល្អហើយ តែទាមទារឱ្យមានគ្រូពេទ្យល្អ ដើម្បីធ្វើឱ្យការផ្តល់សេវាកាន់តែល្អប្រសើរ ខណៈសម្តេចថា ក្រមសីលធម៌ជាគ្រូពេទ្យសំខាន់ណាស់ ដើម្បីឱ្យអ្នកជំងឺទទួលបានសេវាព្យាបាលកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រូពេទ្យយកចិត្តទុកដាក់គោរពក្រមសីលធម៌ ដោយយកការបម្រើប្រជាពលរដ្ឋជាស្នូលក្នុងការធ្វើសកម្មភាពជាគ្រូពេទ្យ ព្រោះធ្វើជាគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏សង្ឃឹមថា គ្រូពេទ្យ និងនិស្សិតធ្វើកម្មសិក្សា ដាក់ចិត្តដាក់ក្នុងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ទៀតថា មានកត្តាពីរដែលទាមទារគ្រូពេទ្យត្រូវធ្វើឱ្យបាននោះ គឺការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាពបន្ថែមលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសុខាភិបាលនេះ ដើម្បីឈានទៅព្យាបាល និងសង្គ្រោះប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ពិសី