ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឲ្យដំណើរការឡើងវិញនូវការអនុញ្ញាតឲ្យទទួលភ្ញៀវទេសចរថៃចូលមកទស្សនាប្រាសាទព្រះវិហារ តាមច្រកព្រំដែនរបស់ខេត្តស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅទី២២ ខែឧសភា ឆ្នាំ២០២៣។

ដោយសារជម្លោះព្រំដែននៅតំបន់ជុំវិញទឹកដីដែលប្រទេសទាំងពីរទាមទារ ច្រកចូលប្រាសាទពីស្រុកគន្ធាលក ខេត្តស៊ីសាកេត ត្រូវបានបិទតាំងពីឆ្នាំ ២០០៨។ ទាហានរាប់ពាន់នាក់របស់ប្រទេសទាំងពីរនៅតែឈរជើងនៅតាមព្រំដែនក្នុងខេត្តស៊ីសាកេត អ៊ូប៊ុនរ៉ាត់ថានី និងស៊ូរិន។

ព័ត៌មានថៃសុំខ្មែរបើកឲ្យទេសចរចូលទស្សនាប្រាសាទព្រះវិហារឡើងវិញនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានយកមកចែករំលែកឲ្យដឹងក្នុងគណនីហ្វេសប៊ុក ហើយត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចែករំលែក និងបញ្ចេញទស្សនៈផ្សេងៗគ្នា។ ក្នុង Comment រាប់រយនាក់នោះមានទាំងបញ្ញវន្ត និងពលរដ្ឋខ្មែរ ដែល Oknha News សូមដកស្រង់ដូចខាងក្រោម៖

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ “កម្ពុជាគួរស្វាគមន៍ភ្ញៀវបរទេសទាំងអស់ចូលទស្សនាប្រសាទព្រះវិហារយើង, តែត្រូវលក់សំបុត្របញ្ជាក់អត្តសញ្ញាណប្រាសាទជារបស់ខ្មែរ ភ្ញៀវបរទេសដែលតម្រូវឱ្យមានវីសាចូលកម្ពុជា ត្រូវបង់ថ្លៃវីសា ឯ Guide ត្រូវតែជាជនជាតិខ្មែរ។
នៅពេលអនាគត ភ្ញៀវបរទេសទាំងអស់គួរតែតម្រូវឱ្យចូលតាមច្រកអន្តរជាតិជាមុនសិនសិន សឹមអនុញ្ញាតឱ្យចូលមើលប្រាសាទតាមផ្លូវឡើងពីដីខ្មែរ មិនគួរឱ្យបើករបងចូលពីដីថៃ ដូចផ្ទះអ្នកជិតខាងបើករបងហុចសម្លឱ្យគ្នានោះទេ”។

គណនីហ្វេសប៊ុកឈ្មោះ Sothun Tevuth បានសរសេររៀបរាប់ថា៖ “រឿងរ៉ាវជាមួយជនជាតិសៀមនេះមិនត្រូវដដែលៗជាមួយនោះទេ!មេរៀនពីសម័យបុរាណយើងបាត់បង់អ្វីខ្លះប្រវត្តិសាស្រ្តបានចារទុកហើយ។ ដល់សម័យសមាហរណកម្ម ក៏មិនត្រូវចិត្តទូលាយជាមួយប្រទេសនឹងទៀតដែរ។ យល់ល្អគឺ NO ! បើកច្រកខាងសៀមយើងខាតរាប់លានដុល្លាក្នុងមួយឆ្នាំ! ទី១ ភ្ញៀវទេសចរណ៍បង់ថ្លៃឲ្យប្រទេសវា។ ទី២ បានទាំងលុយ កែទាំងប្រវត្តិសាស្រ្ត។ ទី៣ ១០ឆ្នាំខាងមុខ នឹងកើតរឿងរ៉ាវទាមទារដីនៅជុំវិញប្រាសាទជារបស់វា។ ទី៤ យើងមិនមានភ្ញៀវចូលតាមច្រកខាងកម្ពុជា។ ទី៥ មិនមានឪកាសប្រើប្រាស់ ភូមិមួយផលិតផលមួយបង្ហាញជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ទី៦ Guide បាត់ចំណូល។ នេះត្រួសៗទេ !! សង្ឃឹមថាយើងមិនចិត្តទន់ជាមួយសៀមទៀតទៅចុះ”។
ចំណែកគណនីហ្វេសប៊ុក Ou Sothea បានលើកឡើងថា៖ “បើបើកតាមច្រកប្រាសាទព្រះវិហារ ខ្មែរយើងចំនេញលុយបន្តិចបន្តួចពីការលក់សំបុត្រចូលទេ។តែបើបើកតាមច្រកណាផ្សេងដែលមានចម្ងាយឆ្ងាយពីប្រាសាទ ដែលតម្រូវឲ្យភ្ញៀវទេសចរណ៍ ធ្វើដំណើរ ឬអាចស្នាក់នៅលេងកំសាន្ដបានយូរនៅកម្ពុជា នោះបានយើងចំនេញលុយបានច្រើនពីវិស័យទេសចរណ៍”។

រីឯគណនីឈ្មោះ Long Borin បានសរសេរថា៖ “ចង់មកលេង អោយចូលតាមច្រកទ្វាខ្មែរមក មិនមែនតាមថៃទេ
ព្រោះបើតាមច្រកខ្មែរ ទេសចរណ៍ ស្រុកខ្មែរបាន ចំណូរ ពីភ្ងៀវបរទេស ហើយអាច អោយយើងបំពេញ នាទីជា ម្ចាស់ នឹង ការពារ ប្រវិត្តប្រសាទខ្មែរ នឹង នាំអោយគេស្គាល់ខ្មែរច្រើន បើចូលតាមថៃ គេមិនស្គាល់ខ្មែរ ទេស្គាល់តែថៃ”។
ដោយឡែក ឯគណនីឈ្មោះ Ly Phearun បានបញ្ចេញទស្សនៈថា៖ “កម្ពុជាយើងគួរតែមានការរៀបចំឬទស្សនៈវិស័យអោយបានវែងឆ្ងាយជាមុនអំពីបញ្ហាមួយនេះដូចជា បង្កើតច្រកអន្តរជាតិ១នៅទីនោះ តម្រូវអោយគ្រប់ភ្ញៀវបរទេសត្រូវមាន Visa ឬទិញសំបុត្រចូលមកទឹកដីកម្ពុជាដោយផ្ទាល់ គ្រប់ហ្គាយនាំភ្ញៀវ បកស្រាយប្រវត្តិសាស្រ្តត្រូវតែជាហ្គាយខ្មែរយើង ត្រូវបិតច្រករបៀងតូចៗពីខាងថៃអោយបាន។លើកទឹកចិត្តគំរោងវិនិយោគផ្សេងៗ រីស៊ត ហូថែល ផ្ទះសំណាក់ អាហារដ្ឋានផ្សេងៗ…. នោះកំនើនការជួញដូរ ភ្ញៀវបរទេស កំនើនសេដ្ឋកិច្ច១ទៀតរបស់កម្ពុជានិងឡើនឡើង១កំរិតទៀតមិនខាន( ជីវភាពប្រជាជន វប្បធម៌គង់វង្ស សេដ្ឋកិច្ចអផិវឌ្ឍន៍ )”។
ក្រៅពីបញ្ញវន្ត និងពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមដែលបានដកស្រង់ខាងលើនេះ នៅមានគំនិតយោបល់ និងទស្សនៈពីប្រជាពលរដ្ឋជាច្រើនទៀត ដែលបានលើកឡើងជុំវិញរឿងនេះដែរ។

គួររំលឹកថា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ជាថ្ងៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ បើគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ចាស់របស់ខ្មែរមួយនេះ មានរយៈពេល៦១ឆ្នាំហើយ៕
អត្ថបទ៖ អក្ខរា