អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ដែលអាចចុះឧទ្ធម្ភាចក្របាននៅលើតំបូរអាគារ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
«អគារតេជោអភិវឌ្ឍន៍» ដែលបានសាងសង់ឡើងដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗនាំចូលមកពីប្រទេសអាលឺ្លម៉ង់និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជាលើសេវាសុខភាពសាធារណៈនៅកម្ពុជានេះមានតម្លៃជាង ៧០លានដុល្លារអាមេរិក។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា គម្រោងសាងសង់អគារទាំងមូលនិងបំពាក់ឧបករណ៍សម្ភារៈមានតម្លៃទឹកប្រាក់សរុប៧០,៣៣១,៨១១.១១ ដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងសប្បុរសជននានាស្របតាមការអំពាវនាវជាកុសលរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។
លោកថា«អគារតេជោអភិវឌ្ឍន៍»នេះអាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ ដែលមាន៤៦៥គ្រែ និងមានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបទៀតផង។ លើសពីនេះនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សានិងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រតាមប្រព័ន្ធឌីជីថលដ៏ទំនើបឈានមុខក្នុងប្រទេស។
ថ្លែងក្នុងពិធីសម្ពោធនាព្រឹកថ្ងៃអង្គារនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាន៍បញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាលនេះ គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា និងបង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជាផងដែរ៕