អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានបង្ហើបឲ្យដឹងថា នៅពេលខាងមុខនេះ ខេត្តសៀមរាប នឹងបង្កើតក្រុងថ្មីចំនួន២ ព្រមទាំងធ្វើឲ្យក្រុងសៀមរាប ប្រែក្លាយទៅជាទីក្រុងវៃឆ្លាត។
លោកអភិបាលរង លើកឡើងបែបនេះ ក្នុងជំនួបជាមួយគណៈប្រតិភូសមាគមអន្តរជាតិ នៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នាពេលថ្មីៗនេះ។
ក្នុងកិច្ចស្វាគមន៍នោះដែរ លោក អ៊ឹង គឹមលាង ក៏បានបញ្ជាក់ប្រាប់ប្រតិភូអំពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍របស់ខេត្តសៀមរាប ស្ថាបនានូវផ្លូវ៣៨ខ្សែ និងដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ក្នុងក្រុងសៀមរាប ព្រមទាំងធ្វើការកែលម្អដងស្ទឹងប្រវត្តិសាស្ត្រស្តារឡើងវិញ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការបម្រើដល់វិស័យ ទេសចរណ៍ ដើរកម្សាន្តក្រៅពីប្រាង្គប្រាសាទ។
លោកបានបញ្ជាក់ផងដែរថា ខេត្តសៀមរាបមានសក្តានុពល លើវិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង កសិកម្ម។ តែដោយជួបនូវវិបត្តិកូវីដ-១៩ នៅលើពិភពលោក និយាយដោយឡែក នៅកម្ពុជា ពិសេសខេត្តសៀមរាប បានធ្វើឲ្យវិស័យទេចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងគ្រួសារ។ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានធ្វើការចាក់ស្រោចវ៉ាក់សាំង ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសបន្តបន្ទាប់ ធ្វើឲ្យប្រទេសកម្ពុជាមានភាពធូស្រាលពីជម្ងឺកូវីដ ព្រមទាំងបានបើប្រទេសឡើងវិញ តែសន្ទុះនៃភ្ញៀវទេសចរណ៍បរទេស នៅមានកម្រិតនៅឡើយ តែកើនភ្ញៀវនៅក្នុងស្រុក។
ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួន ទៅគណៈប្រតិភូ ដើមី្បធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើបរិស្ថាន និងអនាម័យ និងការបណ្តុះបណ្តាលធនធានមនុស្ស ទៅលើបច្ចេកទេសដល់ខេត្តសៀមរាបផងដែរ៕