នៅប្រទេសកម្ពុជានារយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនោរចំណងចង់ក្លាយជាបុគ្គលជោគជ័យហាក់កំពុងស្ថិតក្នុងវិញ្ញាសារដ៏សំខាន់របស់ប្រជាពលរដ្ឋ ពិសេសយុវវ័យសម័យថ្មីតែម្តង។ ទន្ទឹមនឹងនោះអ្នកជំនាញ ពាណិជ្ជករមួយចំនួនធំក៏បង្ហាញក្តីព្រួយបារម្ភផងដែរចំពោះវគ្គបណ្តុះបណ្តាលភាពជោគជ័យក្នុងអាជីវកម្មរបស់ក្រុមគ្រូមានទ្រឹស្តីជោគជ័យ។

ជាវិស្វករ ជាមេក្រុមដឹកនាំក្រុមការងារម៉ៅការសំណង់សាងសង់លំនៅដ្ឋាន ដែលកំពុងមានប្រជាប្រិយភាពក្នុងវិស័យសំណង់លំនៅឋានតាមបណ្តាខេត្តនានា លោក នៅ សុីនិត បានបង្ហាញការយល់ឃើញថា បច្ចុប្បន្ន សំបូរណាស់វគ្គបង្រៀនជោគជ័យក្នុងអាជីវកម្ម ហើយវាមិនអាក្រក់នោះទេ ព្រោះវាជាកម្មវិធីផ្តល់ចំណេះដឹង ប៉ុន្តែលោកពិតជាមិនចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ពុះកញ្ជ្រោល ចង់ជោគជ័យទាំងទទឹងទិសនោះទេ។
លោក នៅ សុីនិត បានផ្តល់និយមន័យត្រង់ចំណុចនេះថា៖ «ពេលបរាជ័យ យើងត្រូវខាតបង់លុយកាក់ ខាតពេលវាលា អស់សង្ឃឹម និងឈឺចាប់ខ្លាំងណាស់។ ចំពោះអ្នកមានផ្លូវចិត្តទន់ខ្សោយ អាចនឹងមិនអាចងើបឈរទៅមុខបានទៀតផង»។

បើតាមលោក ស៊ីនិត បានសង្កត់ធ្ងន់ថា មុននឹងចង់ចូលរៀនវគ្គជោគជ័យក្នុងអាជីវកម្ម យើងត្រូវឆ្លុះមើល លក្ខណៈសម្បត្តិខ្លួនឯង ៤ចំណុចនេះសិន រួមមាន៖ ទី១. ត្រូវមានភាពស្មោះត្រង់ ២. ត្រូវមានជំនាញមួយច្បាស់លាស់ ៣. ត្រូវមានការគិតល្អិតល្អន់ (Critical thinking) និងទី៤. បងប្អូនត្រូវមាន ស្តង់ដារវិនិច្ឆ័យដ៏ត្រឹមត្រូវមួយសំរាប់ខ្លួនឯង។
លោកថ្លែងបញ្ជាក់ថា៖ «បើបងប្អូនគ្មាន៤ចំនុចនេះទេ បងប្អូនមិនបាច់ចូលរៀននោះទេ ព្រោះថាទោះហៅគ្រូបង្រៀន មកពីលើមេឃទៀត ក៏មិនអាចបង្រៀនអោយបងប្អូនជោគជ័យបានដែរ។ នេះខ្ញុំចង់និយាយពីភាពជោគជ័យ ដោយផ្តើមពីបាតដៃទទេរ និងដើរលើភាពត្រឹមត្រូវ ក្នុងអាជីវកម្ម»៕