ឈ្មោះគម្រោងព្រែកជីកហ្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រ ដែលគណៈរដ្ឋមន្ត្រី បានអនុម័តកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នំា២០២៣ថ្មីៗកន្លង ហេតុអ្វីបានជ្រើសរើសយកឈ្មោះ«ព្រែកជីកហ្វូណនតេជោ» ជាប់ទាក់ទងទៅនិងប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរ កាលសម័យមុនៗយ៉ាងណាខ្លះ ពិសេសការដឹកជញ្ជូនតាមផ្លូវទឹក?។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែឧសភានេះ បានបង្ហើបឱ្យដឹងថា ហេតុដូចម្តេចបានជាយើងដាក់ឈ្មោះ «គម្រោងនាវាចរព្រែកជីកហ្វូណនតេជោ»?ដោយសារព្រែកជីកនេះបានធ្វើ៥០០ឆ្នំានៃគ្រឹះសករាជ។ ព្រែកជីកសម័យអាណាចក្រហ្វូណនមានការរីកចម្រើន ដោយសារមានការជីកព្រែកអូរកែវ, ព្រែកវិញតេរហូតមកដល់ខេត្តកែប ប៉ុន្តែព្រែកនេះបានបោះបង់ចោលនៅរវាងសតវត្យរ៍ទី៥ឬទី៦ ដែលសព្វថ្ងៃនេះនៅកន្លែងខ្លះមានទំហំតូចឬរីងស្ងួតនៅរដូវប្រំាង។
លោកបន្តថា ក្នុងរយៈពេល១៥០០ឬ១៦០០ឆ្នំាមុន យើងមិនដែលបានស្តារប្រឡាយ បឹងបួរ ដើម្បីដឹកទំនិញទៅសមុទ្រយកទៅលក់នៅបរទេស។នៅអាណាចក្រហ្វូណនសម័យនោះមានការរីកចម្រើន ខ្មែរយើងបានយកសម្ភារៈផ្សេងៗទៅលក់នៅបរទេស តាមរយៈព្រែកដែលបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ។ប៉ុន្តែសម័យនោះបានបោះបង់ចោលនៅសតវត្សរ៍ទី៥ឬទី៦ ពេលហ្វូណន និងចេនឡារួបរួមគ្នា ធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរកន្លែងរស់នៅទៅតំបន់ផ្សេង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ជាថ្មីថា «គម្រោងនេះយើងបានសិក្សាយ៉ាងលម្អិត ដើម្បីតភ្ជាប់ជាមួយទន្លេមេគង្គរបស់យើង តាមរយៈដៃព្រែកតាកែវរហូតដល់ស្អាង, កោះធំព្រែកតាហ៊ីងធា្លក់ដល់ខេត្តាកែវបន្តដល់កំពង់ត្រាចចេញមកដល់កែប។ដូច្នេះទំនិញរបស់យើងអាចដឹកចេញពីទន្លេនៅទូទំាងប្រទេស ឆ្ពោះទៅសមុទ្រកម្ពុជាដោយមិនចំាបាច់ឆ្លងកាត់សមុទ្របរទេស។កន្លងមកយើងប្រើប្រាស់កំពង់ផែបរទេសឬប្រទេសជិតខាងកម្ពុជា មានចម្ងាយឆ្ងាយ អ៊ីចឹងយើងមកប្រើកំពង់ផែនៅកែប ផែនៅកំពត និងផែនៅក្រុងព្រះសីហនុវា មានចម្ងាយតិចជាង ហើយកាត់បន្ថយនៅនីតិវិធីឱ្យនាវាចេញចូល កាត់បន្ថយតម្លៃដឹកជញ្ជូននៅតាមកំពង់ផែទូទំាងប្រទេស ទៅសមុទ្ររបស់យើងអាចចេញចូល២៤ម៉ោងក្នុងមួយថ្ងៃ»។
យោងតាមលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងនៃប្រព័ន្ធព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ មានការសង់ទ្វារទឹក៣មួយកន្លែង នៅទន្លេមេគង្គ, មួយនៅតាកែវ និងមួយទៀតនៅកែប។ចំពោះទ្វារទឹកនៅកែបការពារទឹកប្រៃកុំឱ្យហូរចូលទៅព្រែកផ្សេងៗរហូតដល់ទន្លេបាសាក់។ទ្វាទឹកនៅខេត្តតាកែវ ដើម្បីគ្រប់គ្រងកម្ពស់ទឹក ហើយទ្វាទឹកនៅជិតទន្លេមេគង្គគ្រប់គ្រងទឹកសាបកុំឱ្យហូរចេញច្រើននៅរដូវប្រំាង៕
អត្ថបទ៖សារេត