យោងតាមសេចក្ដីជូនដំណឹងស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារចុះកាលពីថ្ងៃទី ៣០ ឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយកដ្ឋានពន្ធដារ នឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០២៣ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣តទៅ។
អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះយានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២ សន្លឹក តាម ទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្ត ដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។
ដោយឡែកចំពោះយានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ប៉ុន្តែពុំមានប័ណ្ណសម្គាល់ការបង់ពន្ធ(កាត) ត្រូវបានអនុញ្ញាតឲ្យម្ចាស់យានយន្ត – បង់ពន្ធនេះ ដោយពុំតម្រូវឲ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់នូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា ប័ណ្ណសម្គាល់ យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឲ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់ អគ្គនាយកដ្ឋានពន្ធដារ។
ចំពោះយានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ រីឯយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រតាមប្រព័ន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំណែកយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៣ ទេ។ ម្ចាស់យានយន្តទាំងនេះ អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៣ បាន លុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យបានរួចរាល់ជាមុនសិន។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
តាមរយៈសេចក្តីជំណឹងខាងលើ អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី កញ្ញា ដែលជាម្ចាស់យានយន្តនឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលា ដូចបានកំណត់ខាងលើ កុំបីខាន៕