ត្រឹមខែឧសភា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តាខ្មៅ សម្រេចលទ្ធផលបាន ៥០% ក្រោយបើកដំណើរការងារសាងសង់អស់រយៈពេលជាង៣ឆ្នាំមកនេះ ពោលគឺចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០២០។

នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើត MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ខែឧសភា។
នាឱកាសនោះ លោក Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដែលជាក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិមួយនេះ បានឱ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៥០ភាគរយ ហើយ គិតត្រឹមខែឧសភា ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។

លោក Charlves Vann លើកឡើងថា៖«បច្ចុប្បន្ន យើងបានសម្រេចការសាងសង់បានខ្ទង់ ៥០ភាគរយ ហើយយើងកំពុងតែបន្ត និងតាមដាន ដើម្បីធ្វើយ៉ាងមិចពន្លឿនកិច្ចការងារនេះ ហើយឈានទៅឱ្យដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ»។
គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។

កាលពីពេលកន្លងទៅ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ធ្លាប់បានឱ្យដឹងដែរថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ដឹកអ្នកដំណើរអន្តរជាតិ ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត នៅរាជធានីភ្នំពេញនេះ ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ៕
អត្ថបទ៖ ពិសី
