គិតមកដល់ពេលនេះ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា កំពុងដំណើការសាងសង់ជាធម្មតា ខណៈស្ពាននេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ នេះ។ នេះបើតាមការឱ្យដឹងពី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ « បច្ចុប្បន្នភាពការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ហើយតាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ស្ពានខ្សែកាបកោះពេជ្រ-កោះនរានេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២»។
គួរបញ្ជាក់ថា ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ ពិសី