ក្រោយឆ្លងកាត់បទពិសោធន៍លើការចិញ្ចឹមបង្កងអស់រយៈពេល៣ឆ្នំារួចមក កសិករមិនឆុន រស់នៅភូមិជ្រៃងោកឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវម្នាក់ មានទំនុកចិត្តកាន់តែខ្ពស់ លើមុខរបរចិញ្ចឹមបង្កងបែបធម្មជាតិ ជាងមុខរបរធ្វើកសិកម្ម។ តួយ៉ាងនៅឆ្នំា២០២៣នេះលោកទិញកូនបង្កងមកពីតំបន់ផ្សេងប្រមាណ២ម៉ឺនកូនដាក់ចិញ្ចឹមនៅទីតំាងរបស់ខ្លួន។
បើតាមលោក មិនឆុន អាយុជាង៥០ឆ្នំារស់នៅភូមិឃុំខាងលើបានឱ្យដឹងថា មុនចាប់ផ្តើមចិញ្ចឹមបង្កងនេះ ក្រុមគ្រួសារលោកប្រកបរបរធ្វើស្រែនៅលើផ្ទៃដីជាង២ហិកតា ហើយបានប្រាក់ចំណូលយកមកផ្គត់ផ្គង់គ្រួសារមិនបានគ្រប់គ្រាន់ ទើបសម្រេចចិត្តចំណាយប្រាក់ជីកស្រះសម្រាប់ចិញ្ចឹមបង្កងរហូតដល់សព្វថ្ងៃនេះ។
លោក មិន ឆុន បញ្ជាក់ថានៅឆ្នំាទី១និងឆ្នំាទី២ ខ្ញុំចិញ្ចឹមបង្កងបែបធម្មជាតិជាង២ម៉ឺនកូន,ឆ្នំាទី៣ចំនួន១ម៉ឺន៥ពាន់កូនហើយនៅឆ្នំាទី៤នេះយើងដាក់ប្រមាណ២ម៉ឺនកូនបើគិតប្រាក់អស់ប្រហែល១០លានរៀល។
លោកលើកឡើងថា« ការចិញ្ចឹមនៅឆ្នំាទី៣កន្លងទៅនេះមិនសូវទទួលបានផលចំណូលច្រើនទេ ដោយសារយើងមិនបានស្តារស្រះឱ្យបានស្អាតល្អ ធ្វើឱ្យមានខូចខាតអស់មួយចំនួន និងម្យ៉ាងទៀតយើងមិនសូវមានប្រភពទឹកសម្រាប់ផ្តាស់ប្តូរឱ្យបង្កងរស់នៅកន្លែងដែលល្អ។ បើយើងមានប្រភពទឹកគ្រប់គ្រាន់មានដីច្រើនហិកតា មុខរបរមួយនេះយើងមានសង្ឃឹមជោគជ័យ ព្រោះមុខរបរនេះយើងមានទំនុកចិត្តនិងជឿជាក់លើខ្លួនឯងថាអាចធ្វើបាន»។
បើតាមលោក មិនឆុន នៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋរស់នៅក្នុងតំបន់មិនទាន់មានអ្នកណាហ៊ានចាប់ផ្តើមចិញ្ចឹមបង្កងនៅឡើយនោះទេ ពួកគាត់កំពុងរងចំាមើលគ្រួសារលោកមិនឆុនទទួលបានជោគជ័យជាមុនសិនទើបមានអ្នកសាកល្បងចិញ្ចឹមបង្កងតាម ព្រោះមុខរបរមួយនេះត្រូវការចំណាយដើមទុនច្រើនជាការធ្វើកសិកម្ម។
ពាក់ព័ន្ធនិងការមុខរបរចិញ្ចឹមបង្កងបែបធម្មជាតិនេះអស់រយៈពេល៣ឆ្នំាមកនេះ លោកមិនឆុនគូសបញ្ជាក់ថាកាលឆ្នំាទី១ ក្រៅពីកាត់ចំណាយហើយលោកនៅសល់ប្រាក់ជិត១ម៉ឺនដុល្លារអាមេរិក ឆ្នំាទី២នៅសល់ប្រាក់ប្រហែល៧ពាន់ដុល្លារអាមេរិកនិងនៅឆ្នំាទី៣នៅសល់ប្រាក់ទុកគ្រាន់ទិញកូនបង្កងសម្រាប់ចិញ្ចឹមនៅឆ្នំាទី៤នេះប្រមាណ២ម៉ឺនកូន៕
អត្ថបទ៖សារេត