ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ ក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd ហៅកាត់ថា (BUCG) នឹងរួមគ្នាសិក្សាគំនូសប្លង់និងការសាងសង់ស្ថានីយ៍បូមដោយយក ប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីទាំងពីរបានពិធីចុះហត្ថលេខាលេអនុស្សរណៈនៃការយោគយល់ ក្នុងកិច្ចសហប្រតិបត្តិការលើកគម្រោងនេះរួចរាល់ហើយ។
កម្មវិធីចុះហត្ថលេខាលេអនុស្សរណៈនៃការយោគយល់ ក្នុងកិច្ចសហប្រតិបត្តិការលើកគម្រោងនេះ បានរៀបចំ តាមប្រព័ន្ធ អនឡាញ កាលថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោម អធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងលោក Li Daosong ប្រធានក្រុមហ៊ុន (BUCG) នៅទីក្រុងប៉េកាំងប្រទេសចិន។
នាឱកាសនោះ លោក Li Daosong ប្រធានក្រុមហ៊ុន BUCG បានថ្លែងអំណរគុណ ចំពោះការគាំទ្រ និងការសម្រប សម្រួលរបស់ភាគីកម្ពុជា ដែលធ្វើឱ្យភាគីចិន ត្រូវប្តេជ្ញាចិត្តក្នុងការប្រឹងប្រែង អនុវត្តគម្រោងខាងលើនេះឱ្យបានសម្រេច ដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គ ដូចជា ៖ខេត្ត កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ជាដើម ។
ជាមួយគ្នានេះ លោក ចម ប្រសិទ្ធ បានបញ្ជាក់ថា គម្រោង ខាងលើនេះ ជាគម្រោងដ៏ធំ និងមានសារៈសំខាន់ ណាស់ ដែលក្រុមហ៊ុន តូចៗមិនអាចធើ្វបានទេ ពីព្រោះត្រូវប្រើដើមទុនច្រើន និងបច្ចេកទេសខ្ពស់ គឺត្រូវយកប្រភពទឹកពីចម្ងាយរាប់រយគីឡូម៉ែត្រក្នុងដងទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ និងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាតជាច្រើនកន្លែង ដើម្បីបំពេញ តម្រូវការប្រជាពលរដ្ឋ។
បើតាមលោក ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ដែរថា បើយើងអនុវត្តគម្រោងនេះបាន ដូចជាយើងបានរំដោះប្រជាពលរដ្ឋភាគខាងកើតដងទន្លេមេគង្គ រហូតដល់ព្រំដែនវៀតណាមឱ្យរួចចាកផុត គ្រោះថ្នាក់ នៃឥទ្ធិពលជាតិពុលគីមី ពីព្រោះ យើងដឹងហើយថា ក្នុងសង្រ្គាម ចុងទស្សវត្សន៍ទី៦០ និងដើមទស្សវត្សន៍ទី៧០ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែករាប់លានតោន គឺច្រើនជាងការទម្លាក់គ្រាប់បែក នៅសង្គ្រាមលោកលើកទី២ទៅទៀត រួមទាំងរោយម្សៅព័ណ៌ទឹកក្រូចជម្រុះស្លឹកឈើ ដែល សុទ្ធតែ ជាតិគីមីដែលរងឥទ្ធិពលដល់ជីវិត សត្វ មនុស្ស ជាច្រើន ឆ្នាំទៅមុខ។
ជាមួយគ្នានេះ តាមការសិក្សា ជាតិពុលគីមីនេះ គឺប៉ះពាល់ខ្លាំង ទៅលើស្ត្រីមានផ្ទៃពោះ ដែលទារកកើតមក អាចមានកាយសម្បទាមិនគ្រប់គ្រាន់ ដូចជា៖ឆែបមាត់ ខ្វះដៃជើង និងបាត់ ឬ លើសម្រាមដៃជាដើម។
យ៉ាងណាមិញ តាមរយៈពិធីចុះហត្ថលេខនេះដែរ ដើម្បីឱ្យការអនុវត្តអនុស្សរណ:យោគយល់គ្នា កាន់តែមានប្រសិទ្ធិភាព និងឆាប់ហ័ស ហើយជាការចែករំលែក បទពិសោធន៍ លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ នឹងបង្កើតក្រុមការងាររបស់ក្រសួងមួយក្រុមចុះធ្វើការជាមួយ និងត្រៀមសម្របសម្រួលគ្រប់ការងារ ស្មុគស្មាញនៃគម្រោងនេះ៕ អត្ថបទ៖ ពិសី