សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាន៍ថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។
សម្តេចតេជោមានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុប ១១ ៦៨៦,១៦៤លានដុល្លារ កើនឡើង ៤,៤ភាគរយធៀបឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន ១ ២៤០,៦៣លានដុល្លារ ថយចុះ ១៧,៩ភាគរយ និងទំនិញកម្ពុជានាំចូលពីចិនមានចំនួន ១០ ៤៤៥,៥៣៣លានដុល្លារ កើន៧,៩ភាគរយ។
សម្រាប់រយៈពេល ៤ខែដំបូង ឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន នៅក្នុងសម្រេចបានក្នុងទឹកប្រាក់ជិត ៣,៩ពាន់លានដុល្លារ ធ្លាក់ចុះតិចតួចប៉ុណ្ណោះ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈការនាំទំនិញពីកម្ពុជាទៅទីផ្សារប្រទេសចិន កើនឡើងជិត ៤ភាគរយ៕
អត្ថបទ៖ អក្ខរា