កម្ពុជា- អូស្រ្តាលី ចាប់ផ្តើមពិភាក្សាការពង្រីកកិច្ចសហការ​លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងស្ថានទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា បានចាប់ផ្តើមពិភាក្សាការងារ ដើម្បីបង្កើនចំណងទាក់ទងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើតាមរយៈជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ចាស្ទីន ខេវីន វ្យ៉ាត់ ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា កាលព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះដែរ លោក អ៉ិត សំហេង បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ជាមួយគ្នានេះ លោក បានរំលឹកឡើងវិញនូវទំនាក់ទំនងការទូតល្អជាយូរមកហើយរវាងកម្ពុជា-អូស្រ្តាលី ដោយបានប្រារព្ធខួបអនុស្សាវរីយ៍៧០ឆ្នាំ កាលពីឆ្នាំមុន ពិតជាបានធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី មានភាពស្និទស្នាល បង្កើនចំណងទាក់ទងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

លោក អ៉ិត សំហេង ក៏វាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់នូវជំនួយជាថវិកា និងបច្ចេកទេសដល់កម្ពុជា តាមរយៈគម្រោង ILO-Triangle, ASEAN-ACT, គម្រោងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា, ការផ្តល់ជំនួយបច្ចេកទេសក្នុងការដំណើរការដោះស្រាយវិវាទការងាររួមពី Fair Work Commission, និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ជាដើម។

ទន្ទឹមនឹងការលើកឡើងនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចាស្ទីន ខេវីន វ្យ៉ាត់ បានលើកឡើងថា លោកធ្លាប់មកបំពេញបេសកកម្មនៅប្រទេសកម្ពុជាម្ដងរួចមកហើយកាលពីឆ្នាំ២០០០ ហើយនៅឆ្នាំ២០២៣នេះ លោកក៏ទទួលបានបេសកកម្មជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជានេះម្ដងទៀត ហើយលោកពិតជាមានការភ្ញាក់ផ្អើល និងពិតជាកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លី ពិសេសលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បន្តការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើនេះដែរ ខាងក្រសួងការងារ ក៏បានធ្វើការបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀត រួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុប្រមាណ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ ក្រសួងការងារ បានបញ្ជាក់ថា «ប្រសិនបើការងារនេះជោគជ័យទៅបាន នឹងជួយកាត់បន្ថយគម្លាតរវាងកម្លាំងពលកម្មដែលមានជំនាញ ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជនក្រីក្រទាំងនោះឱ្យកាន់តែប្រសើរជាងមុន»។

ក្រៅពីនេះ នៅក្នុងកិច្ចពិភាក្សាដដែល ភាគីកម្ពុជា និងភាគីអូស្ត្រាលីក៏បានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ។ ជាសងនេះទៀត ភាគីទាំងពីរ ក៏បានលើកឡើងពីការផ្ដល់អាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលីដល់និស្សិតកម្ពុជា ខណៈឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីលើការជួយផ្តល់អាហារូបករណ៍នេះដល់យុវជនកម្ពុជាផងដែរ៕

អត្ថបទ៖ ពិសី