សម្តេចតេជោ ហ៊ុន សែន ប្រមានចាត់វិធានការលើមន្រ្ដីរាជការ បើរកឃើញមានជាប់ពាក់ព័ន្ធរឿងទន្រ្ទានដីរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំទៅដល់ មន្រ្ដីរាជការនានា បើសិនមានការពាក់ព័ន្ធត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអនុវត្តច្បាប់ដោយមិនលើកលែងឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ និងប្រគល់សញ្ញាបត្រជូនសិស្សនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា កាលព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានលើកឡើងថា រាជរដ្ឋាភិបាលដឹងថា នរណានៅពីក្រោយក្នុងការដឹកនាំពលរដ្ឋទៅកាប់រុករាន ទន្រ្ទានដីរដ្ឋ និងដីឯកជននេះរួចហើយ ហេតុនេះ មន្រ្ដីរាជការណាក៏ដោយ បើសិនមានការពាក់ព័ន្ធ នឹងអនុវត្តតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ។

ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏ព្រមានមន្ត្រីនានាប្រសិនបើពាក់ព័ន្ធនឹងរឿងកាប់ព្រៃឈើទន្ទ្រានយកដីរដ្ឋ នឹងបណ្តេញចេញពីក្របខណ្ឌរដ្ឋ រាប់ទាំងមន្ត្រីតុលាការផងដែរ។

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បន្តដាក់បទបញ្ជាដល់បណ្ដាអភិបាល និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យបានការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅមានក្រុមមេខ្យល់បានកើនប្រជាជនទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋត្រឹមមួយយប់បានសាងសង់ខ្ទមរហូតដល់ទៅ ៥០០ ខ្ទម។ គួរបញ្ជាក់ដែរថា កាលពីរាត្រីថ្ងៃ៥ មិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានផ្ងើសារ  ពាក់ព័ន្ធបទល្មើសការទន្ទ្រានដីរដ្ឋថា ត្រូវតែអនុវត្តន៍ដោយម៉ឹងម៉ាត់ ចំពោះអ្នកឡើយ កាប់ទន្ទ្រានយកដីរដ្ឋ ហើយមិនត្រូវលើកលែង ក្រោមហេតុផលប៉ះពាល់ សំឡេងឆ្នោតនោះ ទោះបីជាការបោះឆ្នោតជិតឈានចូលមកក៏ដោយ៕

អត្ថបទ៖ ពិសី