ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជួយសម្រួលការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់ការសាងសង់១០០% នៅអំឡុងខែឧសភា នោះ នឹងដាក់ដំណើរការជាផ្លូវការហើយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានល្បឿនលឿនភ្នំពេញ-បាវិត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការ ថា ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាខ្សែផ្លូវក្រវ៉ាត់ក្រុងដ៏មានសារៈសំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្ម ក៏ដូចជា ដើម្បីបំពេញនូវតម្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ផងនោះ នឹងដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ គ្រោងចំណាយថវិកាសរុបជាង ២៧០លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងមានការចូលរួមថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។

គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ទៀតសោត ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់ចិន សៀងហៃគ្រុប ខូអិលធីឌី និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន។ បន្ថែមលើនេះ ផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏មានការសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ៤កន្លែង ផងដែរ ដោយឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១ ប្រវែងសរុប ១ពាន់ម៉ែត្រ និងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចំនួន ២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងជិត ១ពាន់ម៉ែត្រ ផងដែរ៕
អត្ថបទ៖ ពិសី