លោក ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងតែមានការរីកចម្រើន​លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

សង្គម​ និង​សេដ្ឋកិច្ច

ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នំា២០២៣នេះថា ថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញថា កម្ពុជាកំពុងតែមានការរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយជាក់ស្តែង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ គឺជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ទើបតែត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលប្រមាណជាង កន្លះឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ផ្លូវល្បឿនលឿននេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោមសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់យើងគឺ សម្តេចតេជោនាយករដ្ឋមន្រ្តី និងការចូលរួមចំណែក មិនអាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។

លោកលើកឡើងថា ពេលបច្ចុប្បន្ន សាធារណរដ្ឋប្រជាមានិតចិនត្រូវបានចាត់ទុកថា ជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ដែលបានផ្តល់ហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាច្រើនសម្រាប់ការសាងសង់ ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ជាពិសេស ការបោះទុនវិនិយោគយ៉ាងច្រើននៅកម្ពុជាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលជាខ្សែផ្លូវយុទ្ធសាស្រ្ត និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កម្ពុជា។

លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលគូសបញ្ជាក់ថា«គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងនោះ ខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ»។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០% ជាទុន វិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន និង ៨០% ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន, និងស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៤៥,៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹង បញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕

អត្ថបទ៖សារេត