រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) លើការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នារសៀលថ្ងៃពុធ ទី០៧ ខែមិថុនានេះ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួច យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់។
នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ភាគីក្រុមហ៊ុនបានស្នើរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility Study – FS) និងការអនុវត្តគម្រោងខាងលើជា ២ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និង ដំណាក់កាលទី២ ផ្លូវល្បឿនលឿន បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត និងតភា្ជប់ជាមួយនឹងប្រទេសថៃ។ គម្រោងទាំង២ ដំណាក់កាលនេះគ្រោងនឹងសិក្សាជា ៤ គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។
បន្ថែមពីនេះ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ត្រូវបានកំណត់សុពលភាព ដូចគ្នាទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវល្បឿនលឿនកន្លងមក ប៉ុន្តែភាគីទាំងអស់អាចព្រមព្រៀងគ្នា ក្នុងការពន្យាររយៈពេលសុពលភាពនេះក្នុងករណីចាំបាច់ ដើម្បីឱ្យការសិក្សាគម្រោងខាងលើ មានភាពពេញលេញគ្រប់ជ្រុងជ្រោយ។ ជាពិសេសទាក់ទងនឹងការកំណត់ខ្សែគន្លងផ្លូវ (Alignment) ក្នុងតំបន់ខេត្តសៀមរាប ដោយហេតុថាខេត្តនេះសំបូរទៅដោយសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក និងស្ថានីយបុរាណវិទ្យាជាដើម។
ទាក់ទងនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បើយោងតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះរាជរដ្ឋាភិបាលមានបំណងសម្រាប់ជំរុញវិស័យទេសចរណ៍ និងការចរាចរមនុស្សចេញពីក្រុងភ្នំពេញទៅក្រុងសៀមរាបហើយនៅក្នុងនោះយើងដឹងថាជាឆ្លើយតបទៅនិងការកសាងនៅព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនិងព្រលាយន្តហោះអន្តរជាតិសៀមរាបដែលជាព្រលានយន្តហោះធំ ហើយក៏ជាការត្រៀមខ្លួនហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា «សព្វថ្ងៃនេះយើងមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមួយហើយនៅពេលខាងមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ-ស្វាយរៀង ហើយយើងប្រហែលនិងមានផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតមួយទៀតសម្រាប់ជាការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ដូចនេះបើយើងមានផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងធ្វើឱ្យអ្ននវិនិយោគសម្លឹងឃើញកម្ពុជាមានការចាប់អារម្មណ៍កាន់តែខ្លំាង ស្របពេលកម្ពុជាមានច្បាប់វិនិយោគថ្មីមាការលើកទឹកចិត្តដល់វិនិយោគិន។ បើកម្ពុជាមានផ្លូវល្បឿនលឿនដូចទៅនិងការលើកឡើងខាងលើនេះវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាន់ខ្លំាង»។
ចំណែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា «ជុំវិញគម្រោងសិក្សាផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាបដែលក្រសួងនិងក្រុមហ៊ុនដៃគូកំពុងចុះធ្វើការសិក្សានេះ បើទទួលបានជោគជ័យដូចទៅនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវានិងជះឥទ្ធិពលវិជ្ជមានសំខាន់ៗមួយចំនួនជាច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា វាធ្វើឱ្យការដឹកជញ្ជូនទំនិញបានកាន់តែលឿនទាន់ពេលវេលាទំនិញមានគុណភាពនៅល្អទាក់ទងចំណីអាហារវាមិនមានការប្រែប្រួលរសជាតិ ហើយការធ្វើដំណើររបស់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបានច្រើនកន្លែងក្នុងពេលតែមួយ មានន័យថាទេសចរយើងអាចដាក់ខ្សែទស្សនៈកិច្ចនៅតំបន់ជុំវិញខេត្តសៀមរាបនេះបានច្រើនទីតំាង ធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចនៅមូលដ្ឋាននៅតាមគោលដៅទេសចរ»៕