សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លោក ទូ ហ្វី(DU Fei) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនោះ លោកទូហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយសជាគណៈអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប , និងសៀមរាបទៅប៉ោយប៉ែត។
ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិត ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការរីករាយជាមួយនឹងវត្តមានរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ។
ទន្ទឹមនឹងនោះសម្ដេចតេជោ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។
សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃពុធនេះ ទំហំទឹកប្រាក់ប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ខណ:គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) រួចរាល់ហើយដែរនារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣៕