លោក ឃួង ស្រេង ជំរុញឲ្យសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព រួចរាល់ក្នុងខែមិថុនានេះ

សង្គម​ និង​សេដ្ឋកិច្ច

មន្ទីរពេទ្យជាតិតេជោសន្តិភាព នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ គ្រោងនឹងសាងសង់រួចរាល់នៅក្នុងខែមិថុនានេះ ដើម្បីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលមានទីតាំងលើផ្លូវវិមានឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នាព្រឹកថ្ងៃទី៨ ខែមិថុនា ជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកដល់ពេលនេះ មន្ទីរពេទ្យជាតិតេជោសន្ដិភាព បានចេញជារូបរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានរហូតដល់១ម៉ឺនគ្រែ។

ជាមួយគ្នានោះលោកក៏ជម្រុញឱ្យក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd ដែលទទួលម៉ៅការសាងសង់ ឱ្យរៀបចំការងារដែលនៅសេសសល់ឱ្យបានស្អាត និងទាន់ពេលវេលា នឹងត្រូវស្ថាបនាឱ្យបានរួចរាល់ក្នុងខែមិថុនានេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

បើតាមលោក ឃួង ស្រេង មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ។ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ព្រោះមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។

គួរជម្រាបផងដែរថា មន្ទីរពេទ្យជាតិនេះ ស្ថាបនាដោយក្រុមហ៊ុន CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ ដែលមានអគារសម្រាកព្យាបាល និងសង្រ្គោះបន្ទាន់ អគារព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល សរុបប្រមាណ១ម៉ឺនគ្រែ។ លើសពីនេះ មន្ទីរពេទ្យនេះ ក៏មានចំណតរថយន្ត សួនច្បារ សួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន និងអគារស្នាក់នៅសម្រាប់បុគ្គលិកផងដែរ៕