នៅថ្ងៃនេះមានការភ្ញាក់ផ្អើលថ្មីទៀត អំពីសេដ្ឋីនី ទ្រី ដាណា ដែលទើបតែកុម្ម៉ង់ Rolls Royce ស៊េរីចុងក្រោយមកជិះមិនទាន់បានក្ដៅគូទផង ស្រាប់តែឥឡូវទិញថែមរថយន្តប្រណិត Lamborghini ស៊េរីកប់មួយគ្រឿងទៀតក្រោមលក្ខខណ្ឌពិសេសបំផុត១។

រថយន្តស៊េរីកប់នេះ ត្រូវបានគេឃើញបញ្ឈរពីរគ្រឿងនៅមុខហាងពេជ្ររបស់សេដ្ឋីនីធ្វើឲ្យមានការចាប់អារម្មណ៍ គឺពណ៌ក្រហមមួយ លឿងមួយ។ យ៉ាងណា តាមព័ត៌មានអ្នកនាង ទ្រី ដាណា ទិញយកតែមួយប៉ុណ្ណោះ គឺពណ៌លឿងដ៏ស្រស់ស្អាតនោះ។ ចំពោះហេតុផលដែលឃើញរថយន្ត២បញ្ឈរមុខហាងនោះ បើតាមការបង្ហើបពីអ្នកក្បែរសាច់រឿងនេះ បានប្រាប់ថា គឺជារថយន្តដែលហ្គារ៉ាសក្នុងស្រុកមួយ យកមកសេដ្ឋីនីមើល និងជ្រើសរើសដល់ហាងតែម្ដង។

លក្ខខណ្ឌនេះ គឺពិសេសបំផុតសម្រាប់ផ្ដល់ជូនអតិថិជនកម្រិត VIP ប៉ុណ្ណោះ។ “បាទ ឡានទាំងពីរហ្នឹង ហ្គារ៉ាស់ យកមកឲ្យគាត់មើល អោយគាត់រើស ដោយសារគាត់ភ្ញៀវ VIP”។ ប្រភពអនាមិកថ្លែង។

ចុងក្រោយបំផុតលោកស្រី ទ្រី ដាណា បានសម្រេចរើសយកពណ៌លឿង។ រថយន្តនេះ តាមប្រភព គឺរថយន្តម៉ាក Lamborghini URUS ស៊េរីឆ្នាំ ២០២០។ ដោយឡែកតម្លៃវិញ មានតម្រុយថា ខ្ទង់ប្រមាណជាង ៥០ម៉ឺនដុល្លារអាមេរិកឯណោះ។

នេះគឺជារថយន្ត ប្រណិតទី២ ដែលថៅកែពេជ្រ ទ្រី ដាណា បានបញ្ជាទិញក្នុងរយៈពេលត្រឹមជាង ១ខែ។ កាលពីខែមុន លោកស្រី ទ្រី ដាណា បានទិញ Rolls-Royce Cullinan ប្រភេទ SUV លើកដំបូងបំផុតក្នុងអំបូររថយន្តប្រណិតម៉ាកនេះ។ កាលណោះ មានតំណឹងថា ថៅកែពេជ្រ ចូលចិត្តសិល្បៈរូបនេះ បានទិញរថយន្តដ៏ប្រណិតខាងលើនេះ ជាមួយតម្លៃជិត១លានដុល្លារអាមេរិកឯណោះ។

ឥឡូវដូចបានឃើញ ទ្រី ដាណា ក៏ទិញបន្ថែមនូវរថយន្ត Lamborghini ដ៏ប្រណិតនេះទៀត ដែលតាមប្រភពបង្ហើបថា នេះគឺជាស៊េរីកប់បំផុតរបស់ អំបូរ Lamborghini នេះហើយគិតត្រឹមពេលនេះ ហើយវាត្រូវបានគេឲ្យឈ្មោះ Lamborghini URUS 2020៕
ប្រភព៖ Sabay