រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ក្នុងករណីសហគមន៍ ឬសមាជិកសហគមន៍ណាម្នាក់ចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB ដោយក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីនបកស្វាយចន្ទី សាងសង់ឃ្លាំងស្តុក លានហាល និងថែទាំជាដើម។នេះបើយោងតាមលោកបណ្ឌិត កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មហៅកាត់ថាARDB។
កម្មវិធីសំណេះសំណាលផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី រវាងក្រុមហ៊ុនសានតាណាអាហ្គ្រោប្រដាក់ និងសហគមន៍កសិកម្មអូរខ្លែងព័រមានជ័យ នៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារកាលថ្មីៗនេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារARDB បញ្ជាក់ថា«ចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល់ចំពោះបងប្អូនប្រជាកសិករនៅទីជនបទដើម្បីពង្រីកវិស័យកសិកម្ម»។
ជាមួយគ្នានេះ លោកបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នើសុំឥណទានពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតមកដាក់ធ្វើជាទ្រព្យធានាបំណុលបាន នៅពេលដែលទីផ្សារមានការធ្លាក់ចុះតម្លៃខ្លាំង ដែលធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០% នៃតម្លៃគ្រាប់ស្វាយចន្ទីក្នុងឃ្លាំងស្តុក។
ស្របពេលដែលធនាគារARDBលើកទឹកចិត្តឱ្យប្រជាកសិករស្នើសុំឥណទាន ដើម្បីពង្រីការដំាដុះ និងពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី គេដឹងថាសមាគមស្វាយចន្ទីកម្ពុជានឹងទទួលបានប្រាក់កម្ចី១០០លានដុល្លារអាមេរិក ពីធនាគារSMEដែលមានអត្រាការប្រាក់ទាបផងដែរ ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាធ្លាប់ប្រាប់ឱ្យដឹងថា ប្រាក់កម្ចីដែលមានការប្រាក់អនុគ្រោះនេះវាផ្តល់សារសំខាន់យ៉ាងច្រើនទៅដល់ការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ហើយកន្លងមកយើងមានច្រើនណាស់ដែលកំពុងចាក់ស្រេះដោយសារបញ្ហាខ្វះដើមទុននេះ។កាលណាយើងមិនមានទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីឆៅ វានឹងធ្វើឱ្យលំហូរគ្រាប់ស្វាយចន្ទីយ៉ាងច្រើនទៅក្រៅប្រទេស អ៊ីចឹងហើយវិនិយោគិនក្នុងស្រុក អត់អាចប្រជែងទិញបានដោយសារតែគាត់ខ្វះទុន ជាហេតុធ្វើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្ររបស់គាត់ដំណើរការមិនបានពេញ១ឆ្នំាទេ។
លោកគូសបញ្ជាក់ថា «ក្នុងរយៈពេល៤ខែដើមឆ្នំា២០២៣នេះ យើងផលិតបានគ្រាប់ស្វាយចន្ទីប្រមាណ៥១ម៉ឺនតោន ហើយនាំចេញទៅប្រទេសវៀតណាមប្រហែល៤៨ម៉ឺនតោនគិតជាទឹកប្រាក់ប្រមាណ៦៦០លានដុល្លារអាមេរិក»៕
អត្ថបទ៖សារេត