សូមឱ្យបណ្តារោងចក្រទាំងអស់ ត្រូវតែបង្កើតជាក្លាយសហគមន៍សុខសាន្ត ដោយធានាមានសុខសុវត្ថិភាពពេញលេញ និងមិនមានសកម្មភាពប្រើប្រាស់គ្រឿងញ្ញៀន ល្បែងស៊ីសង ឬការប្រើអំពើហឹង្សាណាមួយនោះឡើយ។
ការលើកឡើងនេះ ត្រូវរបស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នានាពេលនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញរោងចក្រមួយក្លាយជាតំបន់សុខសាន្តមួយ តាមរយៈការមិនមានសកម្មភាពប្រើប្រាស់គ្រឿងញ្ញៀន ល្បែងស៊ីសង ឬការប្រើអំពើហឹង្សាណាមួយនោះឡើយ ដើម្បីធានាភូមិឃុំមានសុវត្ដិភាព និងធានាសង្គមមួយមានភាពសុខសាន្ត ហើយប្រសិនបើមានបញ្ហាអ្វីម្ចាស់រោងចក្រ និងកម្មករនិយោជិតត្រូវសហការជាមួយអាជ្ញាធរធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាមិនត្រូវទុកបញ្ហានោះចោលទេ។
ជាងនេះទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកដែរថា វិស័យឧស្សាហកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ។សម្តេចតេជោ អះអាងដែរថា ក្រោយវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុនក្នុងប្រទេស ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ មានជិត ១៤០០នៅទូទាំងប្រទេស ដែលមានកម្មករប្រមាណ ៨៥ម៉ឺននាក់។ វិស័យនេះ បានបង្កើតចំណូលដល់កម្មករកម្មការិនី និយោជិតប្រមាណ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
អត្ថបទ៖ ពិសី