សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានគម្រោងចំនួន០៩ទៀត ពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ នេះបើតាមការប្រកាសឱ្យដឹងពី ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសលើគម្រោងនេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ នៅទីស្តីការក្រសួង។
ទន្ទឹមគ្នានេះដែរ ក្រសួងបានឱ្យដឹងបន្ថែមថា ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ គម្រោងកម្ពុជាសរុបចំនួន៩ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ប្រមាណ ២ ០០០ ០០០ ដុល្លារអាម៉េរិក។ គម្រោងទាំងនោះ នឹងផ្តល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខ ស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ៨០នៅកម្ពុជា។ ការអនុវត្តគំនិត ផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។
ជំនួយហិរញ្ញវត្ថុដល់គម្រោងនាពេលកន្លងមកភាគច្រើនគ្របដណ្ដប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ សេវាកម្ម បរិស្ថាន ការការពារសម្បត្តិវប្បធម៌ វិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម និងបេតិកភណ្ឌវប្បធម៌ជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមពី ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ៕