ស្របពេលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ហើយរិះគន់ទៅលើកម្មការិនីរោងចក្រកាត់ដេរម្នាក់ទទួលបានប្រាក់ឈ្នួលខ្ពស់ ត្រូវបានអនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរអាចជាការពិត ព្រោះអ្នកមានជំនាញខ្លះមានលទ្ធភាពទទួលបានប្រាក់ឈ្នួលក្នុង១ខែ៤០០ឬ៥០០ហើយអ្នកខ្លះទៀតអាចដល់៨០០ដុល្លារអាមេរិក។
អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានឱ្យដឹងថា កម្មករ-កម្មការិនីរោងចក្រជាទូទៅទទួលបានប្រាក់ឈ្នួលប្រសើរជាងរៀងរាល់ឆ្នំាព្រោះក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈមានយន្តការមួយគឺក្រុមប្រឹក្សាប្រាក់ឈ្នួលដែលនៅរៀងរាល់ឆ្នំាក្រុមមួយនេះតែងតែប្រជុំពិភាក្សាដើម្បីតម្លើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗផ្អែកទៅតាមការអភិវឌ្ឍនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិយើង។
លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរលើកឡើថា «ចំពោះប្រាក់ឈ្នួលអប្បរមានៅពេលបច្ចុប្បន្ននេះ ក្រសួងការងារបណ្តុះបណ្តាលបានកំណតអប្បរមាគឺ២០០ដុល្លារអាមេរិក តែនៅរោងចក្រខ្លះគាត់មានលទ្ធភាពផ្តល់ឱ្យច្រើនជាង២០០ដុល្លារអាមេរិក ដើម្បីអូសទាញកម្លំាងពលកម្ម។ចំពោះអ្នកដែលមានជំនាញ ដូចនៅខាងពិនិត្យ ជំនាញខាងម៉ាស៊ីនដេរ ជាងភ្លើង ជាងម៉ូទរ ឬប្រធានផ្នែកQC ផ្នែកគុណភាពអាចបានប្រាក់ឈ្នួលខ្ពស់ពី៤០០ទៅ៥០០ដុល្លារអាមេរិក ហើយបើអ្នកគ្រប់គ្រងអគារខ្លះអាចឈានដល់៨០០ដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែមិនជាទូទៅទំាងអស់នោះទេ»។
លោកលើកឡើងថា «ថ្មីៗនេះកម្មការិនីម្នាក់បានប្រាប់អ្នកសារព័ត៌មានអំពីប្រាក់ឈ្នួលដែលគាត់ទទួលបានប្រចំាខែ ហើយមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានអ្នកខ្លះបានរិះគន់គាត់ ប៉ុន្តែអត់ដឹងការពិត។រូបខ្ញុំ កាលពីមុនក៏ធ្លាប់ធ្វើជាកម្មកររោងចក្រអស់រយៈពេល១០ឆ្នំាដែរ យល់ថាពិតជាមានមែន ព្រោះអ្នកជំនាញត្រូវការប្រាក់ឈ្នួលខ្ពស់ជាងបងប្អូនដែលជាកម្មករធម្មតា»។
លោក អន សាខន ចាត់ទុកថា បើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនិងសង្គមហ្វេសប៊ុកបន្តធ្វើការរិះគន់ដល់កម្មការិនីដែលទទួលបានប្រាក់ឈ្នួលខ្ពស់ទៀត ខ្ញុំគិតថាវាជាចំណុចអាក្រក់ព្រោះគាត់អត់ដឹងរឿងពិត តែពេលគាត់ឆ្លើយប្រាប់ការពិតបែរជារិះគន់គាត់។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយឧកញ៉ា ញ៉ូស៍ លោក អន សាខន បានសំណូមពរទៅដល់អ្នករិះគន់ថាត្រូវគិតឱ្យបានច្បាស់មុនរិះគន់ ហើយបើមានពេលគួរតែទៅសាកសួរបងប្អូនកម្មករនៅមុខរោងចក្រ។មកដល់សព្វថ្ងៃនេះកម្មករ កម្មការិនីរោងចក្រយើងក៏មិនធម្មតាដែរ គាត់មានផ្ទះធំទ្រនំខ្ពស់ ហើយអ្នកខ្លះទៀតមានលទ្ធភាពរហូតទិញរថយន្តជិះទៅធ្វើការក៏មានដែរ។ដូចនេះចលនារិះគន់ដោយមិនបានពិនិត្យពិចៃអាចធ្វើឱ្យបាត់បង់សីលធម៌ដោយសារខ្វះការគិត៕ អត្ថបទ៖សារេត