ក្រុមហ៊ុន Ford នៅកម្ពុជា គ្រោងដំឡើងរថយន្តម៉ូដែលថ្មីមួយទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ លោក កែវ រតនៈ​ កាលពីពេលថ្មីៗ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Ford គ្រោងដំឡើងរថយន្តម៉ូដែលថ្មីមួយទៀត ដើម្បីបំពេញតម្រូវការអតិថិជន។នេះបើតាមការប្រកាសឱ្យដឹងពី ទំព័រហ្វេសប៊ុក ឈ្មោះ ពោធិ៍សាត់ អរគុណសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំអន្លង់វិល ចំនួន ២ទីតាំង ប្រមាណជិត ២ពាន់នាក់ និងពិធីកាត់ខ្សែបូសម្ពោធឧបដ្ឋានសាលាវត្តសន្សំកុសល (ហៅវត្តផ្ទះគរ) ស្ថិតក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីដើមសប្តាស៍នេះ លោក កែវ រតនៈ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Ford ដែលមានទីតាំងរោងចក្រដំឡើងក្នុងទឹកដី ខេត្តពោធិ៍សាត់ គ្រោងនឹងបន្ថែមទុនវិនិយោគក្នុងការដំឡើង រថយន្ត Ford ម៉ូដែលថ្មីមួយប្រភេទទៀត គឺម៉ូដែល Territory បន្ថែមពីលើម៉ូដែល ដែលមានស្រាប់ គឺ Ranger និង Everest កំពុងដំណើរការលក់នៅលើទីផ្សារបច្ចុប្បន្ន។

ដោយលោក បានបញ្ជាក់ថា តាមរយ:ការឱ្យដឹង៖ « នាពេលឆាប់ៗនេះ រថយន្ត Ford ម៉ូដែលថ្មីមួយប្រភេទទៀត គឺម៉ូដែល Territory នឹងមានលក់ក្នុងទីផ្សារប្រទេសកម្ពុជាព្រមទាំងនាំចេញទៅកាន់បណ្ដាប្រទេសជិតខាង ដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ»។

គួរបញ្ជាក់ដែរថា រោងចក្រដំឡើងរថយន្ត Ford នេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន RMA Automotive (Cambodia) ក្នុងទឹកប្រាក់ ២១លានដុល្លារអាមេរិក ដោយបានសាងសង់នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

រោងចក្រ ដំឡើងរថយន្ត Ford ត្រូវបានសម្ពោធបើកដំណើរការ កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងដំណើរការផលិតកម្មរថយន្តម៉ូដែល Ranger និង Everest លក់ក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ប្រទេសជិតខាង។ រោងចក្រនេះ ត្រូវបានគេមើលឃើញថា ជាតួអង្គសំខាន់ក្នុងការផ្លាស់ប្តូររបត់ នៃឧស្សាហកម្មរថយន្តក្នុងស្រុក ដែលអាចនាំមកនូវ អ្នកវិនិយោគស្វែងរកឱកាសពង្រីកសេដ្ឋកិច្ច៕

អត្ថបទ៖ ពិសី