ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជធានីភ្នំពេញ គឺជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រច្រើនជាងគេក្នុងប្រទេសកម្ពុជា។
បើតាមរដ្ឋមន្រ្តីក្រសួងការងារ បានឱ្យដឹងថា៖ «ក្នុងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញមានរោងចក្រសរុប ៩ ៣១៤ និងមានកម្មករ និយោជិត៦៦ម៉ឺននាក់ ក្នុងនោះ រោងចក្រវិស័យកាត់ដេរមានចំនួន ៧២៧រោងចក្រ ដែលមានកម្មករសរុបប្រមាណ៣៣ម៉ឺន ៨ពាន់នាក់ មានប្រាក់ឈ្នួលសរុប ជាមធ្យមចំនួនប្រមាណ ១ ១០០ លានដុល្លារក្នុងមួយឆ្នាំនិងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៣ រោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរកើនឡើងដល់ ១ ៣២៦ រោងចក្រ មានកម្មករ និយោជិតប្រមាណ៨៤ម៉ឺននាក់ និងតម្លៃនាំចេញមានប្រមាណ១៣ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២២៕