រហូតមកដល់ពេលនេះ ដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានចំនួន៨៥ភាគរយហើយ។ អគាររដ្ឋបាលក្រសួងដែលមានទំហំធំជាងគេនៅកម្ពុជាមួយនេះ នឹងបញ្ចប់ការដ្ឋានសាងសង់នាអំឡុងចុងខែមិថុនា ឆ្នាំ២០២៣។ យោងតាមការឱ្យដឹងពីក្រុមហ៊ុនទទួលសាងសង់ ក្នុងដំណើរចុះពិនិត្យដំណើរការសាងសង់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនានេះ។

អគារទីស្ដីការក្រសួងមហាផ្ទៃ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង ដែលគ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។
លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។
បន្ថែមទៀតនោះ សម្ដេចក្រឡាហោម ស ខេង ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិ៕


