នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៧ ៣៨៩.០៨ ប៊ីលានរៀល (ប្រមាណជា ១ ៨២៦.៦៩ លានដុល្លារ) ស្មើនឹង ៥១.១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនានេះ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១.៦៩ លានដុល្លារ)។
លោកថា ចំណូលពន្ធបានហក់ខ្ពស់ក្នុងខែមីនា ឆ្នាំ២០២៣ ដែលសម្រេចបាន ៣ ២៥៨.០១ ប៊ីលានរៀល (ប្រមាណជា ៨០៤.៤៥ លានដុល្លារ) ធៀបនឹងខែមីនា ឆ្នាំ២០២២ សម្រេចបាន ៣ ០៤០.៣៧ ប៊ីលានរៀល (ប្រមាណជា ៧៥០.៧១ លានដុល្លារ)។
ដោយឡែកសម្រាប់ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែឧសភា ឆ្នាំ២០២៣ ទទួលបាន ២៣.០៩ ប៊ីលានរៀល (ប្រមាណជា ៥.៧០ លានដុល្លារ) និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ទទួលបាន ១៣១.៦៦ ប៊ីលានរៀល (ប្រមាណជា ៣២.៥១ លានដុល្លារ)៕