រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់យុវជនងាកមកចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ស្វែងរការងារនិងបង្កើតមុខរបរ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ផ្តោតលើប្រធានបទ«TVET ផ្ដល់ជំនាញ និងការងារសមរម្យ» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អ៊ិត សំហេង រដេ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិតគូសបញ្ជាក់ថា ចាប់តាំងពីមានគ្រឹះស្ថានបណ្តុះបណ្តាលតិចតួច បច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន៣២៥ ហើយនៅក្នុងឆ្នាំ២០២២កន្លងទៅមានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតចំនួន៨៩,៨៧៨នាក់ ហើយ ទទួលបានការងារធ្វើស្ទើរទាំងអស់ ដោយទទួលបានប្រាក់ឈ្នួលសមរម្យច្រើនជាងកម្មករនិយោជិតដែលមិនមានជំនាញ។ ទន្ទឹមនោះ សិក្ខាកាមមួយចំនួនក៏មានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយជោគជ័យ រួមចំណែកបង្កើតការងារបន្ថែម។

លោកបណ្ឌិតលើកឡើងថា បច្ចុប្បន្នកម្ពុជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយវិស័យឯកជនបានចំនួន២៣០ក្រុមហ៊ុន ដើម្បីសហការផ្ដល់ការបណ្តុះបណ្តាលជំនាញតាមតម្រូវការរបស់ក្រុមហ៊ុន ដោយធានាថាសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អនៅក្រុមហ៊ុនទាំងនេះ។

លោករបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា«រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា»៕

អត្ថបទ៖សារេត