រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលសាងសងឡើងក្នុងតម្លៃប្រមាណ២៤៧លានដុល្លារអាមេរិក បានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានប្រកាសថ្លែងអំណរគុណជប៉ុន បារាំង និងអឺរ៉ុប ដែលបានជួយកម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងក្រុងតាខ្មៅ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ការទំនើបកម្មជាបន្តបន្ទាប់អាងប្រព្រឹត្តកម្មទឹកស្អាតនៅភ្នំពេញ គឺជាផ្នែកមួយដ៏ធំសម្រាប់ជំរុញចរន្តទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានសំពាធទឹកបាញ់ចេញរហូតដល់២៨ម៉ែត្រឯណោះ។
គួរបញ្ជាក់ដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank) ក្នុងតម្លៃសាងសង់សរុបប្រមាន២៤៧លានដុល្លារ។
គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគូប/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និង ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។
តាមរយៈ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ៕
អត្ថបទ៖ ពិសី