លោក ប៉ាន សុរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានរំពឹងថា ការវិនិយោគចិននៅកម្ពុជា នឹងបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។

ការរំពឹងបែបនេះ របស់លោករដ្ឋមន្រ្តី នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារតាំងលក់រថយន្តទំនើបរបស់ក្រុមហ៊ុន GREAT WALL MOTOR CAMBODIA ដែលនាំចូលដោយក្រុមហ៊ុន វ័នរ៉ូដ គ្រុប (ONEROAD GROUP)នៅថ្ងៃទី១៩ ខែមិថុនានេះ។
ក្នុងឱកាសនោះ លោក ប៉ានសូរស័ក្តិ បានលើកឡើងថា «ភាពរីកចម្រើនរបស់កម្ពុជាពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តចិនបានឡើយ តាមរយៈការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អនានារបស់មិត្តចិន បានធ្វើឱ្យប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងការវិនិយោគចិននៅកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ស្របជាមួយនឹងចក្ខុវិស័យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជាចិន ជាពិសេសក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលភាគីកម្ពុជា-ចិន បានឯកភាពគ្នាបង្កើតទ្បើងកាលពីខែកម្ភៈ ឆ្នាំ២០២៣ កន្លងទៅ»។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទឹកប្រាក់ប្រមាណជាង ៥ ០០០លានដុល្លារអាម៉េរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅចិននូវទំនិញសក្ដានុពល មួយចំនួន មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប ព្រមទាំងកសិផល។ រីឯចិនបាននាំចូលមកកម្ពុជានូវទំនិញសំខាន់ៗ ដូចជា យានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ ផលិតផលប៉្លាស្ទិក និងផលិតផលជាច្រើនទៀត៕