លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធចំនួន២។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹង ថា លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ដែលត្រូវចុះហត្ថលេខានោះរួមមាន៖
១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងកែលម្អ ការតភ្ជាប់ផ្លូវជនបទ» ។ និង២. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ប្រមាណ ១៥,១៨ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ខេត្តសៀមរាប ដំណាក់កាលទី៣»។
សូមបញ្ជាក់ថា ការផ្ដល់ជំនួយខាងលើ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ដែលនាពេលថ្មីនេះៗ បានដំឡើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត «ភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត៕ អត្ថបទ៖ពិសី