លោក ព្រំ វ៉ាត ដែលសម្រេចទទួលបានជោគជ័យគិតទាំងចំណូល ចំណេះដឹងចិញ្ចឹមបង្កងបែបធម្មជាតិ ភ្ញាស់កូន សេវាផ្គត់ផ្គង់ទឹក អាចរកចំណូលបានពី ៦-៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

នៅថ្ងៃទី១៨ ខែកក្កដា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានធ្វើដំណើរមកស្រុកអង្គរបុរី ខេត្តតាកែវ ដើម្បីពិនិត្យកសិដ្ឋានចិញ្ចឹមបង្កង ឃុំអង្គរបុរី។

លោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋាន បានរៀបរាប់ពីដំណើរដើមទងនៃការចិញ្ចឹមបង្កង ថាលោកបានចិញ្ចឹមបង្កងតាំងពីឆ្នាំ ២០០៧ បច្ចុប្បន្នមាន ១០ស្រះ លើផ្ទៃដី ៤,៥ហត ទិន្នផលទទួលបានពី ២-៣តោន/ស្រះ ដោយដាក់កូនចិញ្ចឹម ៥ម៉ឺនកូន។ ក្រៅភ្ញាស់កូនចិញ្ចឹមបាន ៦០ម៉ឺនកូនក្នុងមួយឆ្នាំ សម្រាប់ចិញ្ចឹមក្នុងកសិដ្ឋាន និងលក់ចែកចាយឲ្យអ្នកចិញ្ចឹមនៅទូទាំងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ ជាធម្មតា បង្កងចិញ្ចឹមរយ:ពេល ៧-៨ខែ មានទម្ងង់ ១០ក្បាលក្នុងមួយគីឡូក្រាម ទំហំនេះ បង្កងមានតម្លៃ ៦-៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

ក្រៅពីផលិតកម្មបង្កង លោក ព្រំ វ៉ាត បានវិនិយោគលើប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដើម្បីផ្គត់ផ្គង់ទឹកឲ្យកសិករធ្វើស្រែបាន ៣ដងក្នុង១ឆ្នាំ ដោយគិតសេវាបូមទឹក ២៥ម៉ឺនរៀលក្នុងមួយហិកតា។ គិតរួមទាំងចំណូលសេវាកម្ម បូមទឹក និងចំណូលពីកសិដ្ឋានបង្កង លោកពូអាចរកចំណូលបានពី ៦-៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ព្រំ វ៉ាត ដែលសម្រេចទទួលបានជោគជ័យនៅពេលនេះ គិតទាំងចំណូល ចំណេះដឹងចិញ្ចឹមបង្កងបែបធម្មជាតិ ភ្ញាស់កូន សេវាផ្គត់ផ្គង់ទឹក ទាំងអស់នេះបង្ហាញថាសេដ្ឋកិច្ចគ្រួសារមាននិរន្តរភាព។ ការចែករំលែកចំណេះ ដឹង និងបទពិសោធន៍ចិញ្ចឹមដល់ដៃគូចិញ្ចឹមគឺជាមធ្យោបាយដ៏ល្អប្រសើរសម្រាប់ធ្វើការពង្រីកអាជីវកម្មចិញ្ចឹមបង្កងឲ្យមានការរីកដុះដាលទូទាំងខេត្តតាកែវនិងក្រៅដំបន់ ដើម្បីចូលរួមធានាបរិមាណផ្គត់ផ្គង់បង្កងឲ្យទីផ្សារក្នុងស្រុកដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តឲ្យពង្រីកផលិតកម្មបន្ថែម ជាពិសេសបរិមាណកូនបង្កងដើម្បីបំរើឲ្យសេចក្តីត្រូវការរបស់អ្នកចិញ្ចឹម និងសូមជួយចែករំលែកបទពិសោធន៍ល្អៗដល់អ្នកទើបចាប់ផ្តើមចិញ្ចឹមដើម្បីឲ្យពួកគាត់សម្រេចទទួលបានផលដូចលោក ព្រំ វ៉ាត ផងដែរ។



ប្រផពផេក៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK