ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញមោទភាពចំពោះសមិទ្ធផលរោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែលជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។ជាមួយគ្នានេះ សម្តេចក៏បានអះអាងថា រាជរដ្ឋាភិបាល និងបន្តខិតខំគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែខ្លាំងថែមទៀត។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងនឹងកំពុងបន្តគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះអ្នកដែលប្រើប្រាស់ទឹកមិនលើស៧ម៉ែត្រគូប គឺតម្លៃទឹក១ម៉ែត្រគូបត្រឹម៤០០ រៀលប៉ុណ្ណោះ ហើយអ្នកដែលប្រើទឹកចាប់ពី៨ម៉ែត្រគូបដល់១៥ ម៉ែត្រគូបតម្លៃ៧២០រៀល ក្នុង១ម៉ែត្រគូបប៉ុណ្ណោះ។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាក់ថា៖« ប្រទេសមានសន្ដិភាព ទោះបីប្រឈមបញ្ហាកូវីដ-១៩ ប៉ុន្ដែរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលថ្មីៗជាច្រើនសម្រាប់កម្ពុជា។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៀតថា តម្រូវការប្រើប្រាស់ទឹក និងអគ្គិសនី មិនចេះគ្រប់គ្រាន់នោះឡើយ ព្រោះមនុស្សកើត និងធំធាត់ជារៀងរាល់ថ្ងៃ ហេតុនេះបើយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសយើងនឹងរឹតតែរីកចម្រើនទៅមុខ៕ អត្ថបទ៖ ពិសី