នៅក្នុងប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន កាលថ្ងៃចន្ទ ទី១៩ ខែមិថុនាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជារក្សាការពារបាននូវសុខសន្ដិភាព និងម៉ាក្រូសេដ្ឋកិច្ច ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលមិនច្បាស់លាស់ជារៀងរៀលថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការមុតស្រួច និងប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងលើការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ ដែលធ្វើឱ្យមានលំនឹង និងកំណើនសេដ្ឋកិច្ច ព្រមទាំងជីវភាពប្រជាពលរដ្ឋល្អប្រសើរថែមទៀតផង។ ក្នុងក្របខណ្ឌអន្តរជាតិ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្ម ដោយស្មើភាព ស្មើមុខ ស្មើមាត់ជាមួយនឹងប្រទេសនានាលើឆាកអន្តរជាតិ»។
សម្តេចតេជោបន្តថា គោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងពេលដែលពិភពលោកមានការប្រែប្រួល គឺកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយឯករាជ្យផ្អែកលើច្បាប់។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា នៅក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានជោគជ័យ ក្នុងតួនាទីប្រធានប្ដូរវេនអាស៊ាន និងជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចំណែកនៅលើកឆាកអន្តរជាតិកម្ពុជាកំពុងចូលរួមយ៉ាងសកម្មដោយស្នើភាពស្នើសិទ្ធ។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយកាលពេលថ្មីៗនេះ ធនាគារពិភពលោក បាននិយាយថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានសន្ទុះស្វាហាប់ឆ្ពោះទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។
របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥,២ភាគរយ។ សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះបានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោកផងដែរ។
របាយការណ៍ដដែលក៏បានគូសបញ្ជាក់ថា វិស័យកសិកម្មរបស់កម្ពុជាកំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តែច្រើនបន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥,៥ភាគរយ។
យ៉ាងណាក៏ដោយ ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេសនឹងអាចធ្វើឱ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើសកលោក អាចបង្កហានិភ័យមួយដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានការពឹងអាស្រ័យខ្លាំងលើទុនមកពីក្រៅសម្រាប់វិនិយោគ៕